មន្ត្រីបោះឆ្នោតអាមេរិកត្រៀមទប់ទល់វិបត្តិ ស្របពេលលោក ត្រាំ ព្យាយាមទាញប្រៀបក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
រដ្ឋធានីវ៉ាស៊ីនតោន៖ នៅសល់ពេលត្រឹមតែ ២ ខែទៀតប៉ុណ្ណោះ មុនពេលប្រជាជនអាមេរិកឈានចូលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ (Midterm Elections) មន្ត្រីរៀបចំការបោះឆ្នោតថ្នាក់តំបន់ និងរដ្ឋនៅទូទាំងប្រទេស កំពុងត្រៀមខ្លួនទប់ទល់នឹងវិបត្តិដែលមិនធ្លាប់មានពីមុនមក។ នោះគឺក្តីបារម្ភដែលថា ប្រធានាធិបតីសហរដ្ឋអាមេរិក អាចនឹងប្រើប្រាស់អំណាចនៃរដ្ឋាភិបាលសហព័ន្ធ ដើម្បីទាញយកផលប្រយោជន៍ និងបង្វែរលទ្ធផលបោះឆ្នោត នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuter ថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមសេចក្តីរាយការណ៍ មន្ត្រីរៀបចំការបោះឆ្នោតកំពុងចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីការពារប្រព័ន្ធបោះឆ្នោត សុវត្ថិភាពបុគ្គលិក និងទំនុកចិត្តរបស់សាធារណជន។ ការព្រួយបារម្ភនេះកើតឡើងស្របពេលដែលមានសញ្ញាបង្ហាញថា លោក ដូណាល់ ត្រាំ កំពុងព្យាយាមប្រើប្រាស់អំណាចសហព័ន្ធ និងការចោទប្រកាន់អំពីការលួចបន្លំសន្លឹកឆ្នោត ដើម្បីជួយដល់បេក្ខជននៃគណបក្សសាធារណរដ្ឋ (Republicans)។
ដើម្បីទប់ទល់នឹងការជ្រៀតជ្រែក និងការគំរាមកំហែងផ្សេងៗ ការិយាល័យបោះឆ្នោតបានដាក់ចេញនូវចំណាត់ការសំខាន់ៗមួយចំនួន រួមមាន៖
ការពង្រឹងសន្តិសុខ៖ ការិយាល័យជាច្រើនបានបំពាក់កញ្ចក់ការពារគ្រាប់កាំភ្លើង ប៊ូតុងប្រកាសអាសន្ន (Panic buttons) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងទ្វាររឹងមាំ ព្រមទាំងមានផ្តល់ភ្នាក់ងារសន្តិសុខអមដំណើរសម្រាប់បុគ្គលិក និងអ្នកស្ម័គ្រចិត្ត។
ការត្រៀមក្រុមមេធាវី៖ រដ្ឋមួយចំនួនដូចជា Wisconsin និង Michigan បានរៀបចំក្រុមមេធាវីពីខាងក្រៅរួចជាស្រេច ដើម្បីទប់ទល់នឹងការព្យាយាមរឹបអូសឧបករណ៍ ឬឯកសារបោះឆ្នោតដោយអាជ្ញាធរសហព័ន្ធ ដូចដែលធ្លាប់កើតឡើងនៅខោនធី Fulton រដ្ឋ Georgia កន្លងមក។
ទន្ទឹមនឹងនេះ មន្ត្រីក៏កំពុងត្រៀមខ្លួនយ៉ាងសកម្មក្នុងការទប់ទល់នឹងព័ត៌មានក្លែងក្លាយផងដែរ។ ពួកគេមានក្តីបារម្ភយ៉ាងខ្លាំងចំពោះការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតវីដេអូ ឬព័ត៌មានប្រឌិតអំពីទីតាំងបោះឆ្នោត ឬម៉ាស៊ីនបោះឆ្នោត ដែលអាចសាយភាយយ៉ាងលឿនតាមបណ្តាញសង្គម មុនពេលអាជ្ញាធរមានឱកាសអាចធ្វើការបកស្រាយការពិតបាន។
ស្ថានភាពនេះកំពុងក្លាយជាការសាកល្បងដ៏ធំមួយ ថាតើប្រព័ន្ធរៀបចំការបោះឆ្នោតរបស់សហរដ្ឋអាមេរិក អាចទប់ទល់នឹងសម្ពាធនយោបាយពីថ្នាក់ដឹកនាំកំពូលបានកម្រិតណា ខណៈដែលមន្ត្រីកំពុងចាត់ទុកការជ្រៀតជ្រែកនេះ ជាហានិភ័យដែលអាចកើតមានឡើងពិតប្រាកដ ជាជាងត្រឹមតែជាការគំរាមកំហែង។
ប្រែសម្រួល៖ គីរី
