Feature

ចិន សិក្សាគម្រោងផលិតរថក្រោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ បំពាក់កាណុង Railgun បាញ់បានចម្ងាយ ៤៥០ គីឡូម៉ែត្រ

​ទីក្រុងប៉េកាំង៖ អ្នកស្រាវជ្រាវយោធាចិន បានស្នើគម្រោងអភិវឌ្ឍរថក្រោះចម្បាំងប្រភេទថ្មីដើរដោយថាមពលនុយក្លេអ៊ែរ (Nuclear-powered main battle tank) ដែលបំពាក់នូវកាណុងអេឡិចត្រូម៉ាញេទិក (Electromagnetic Railgun) អាចបាញ់កម្ទេចគោលដៅក្នុងចម្ងាយរហូតដល់ ៤៥០ គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយរបស់ South China Morning Post ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ប្រព័ន្ធសព្វាវុធដ៏ទំនើបដែលប្រៀបដូចជានៅក្នុងរឿងវិទ្យាសាស្ត្រប្រឌិតនេះ អាចនឹងលេចចេញជារូបរាងនៅលើសមរភូមិនៅក្រោយឆ្នាំ ២០៤៥។

មហិច្ឆតានៃរថក្រោះទំនើប យោងតាមឯកសារស្រាវជ្រាវដែលចេញផ្សាយក្នុងទស្សនាវដ្តី Acta Armamentarii គម្រោងនេះមានគោលដៅបង្កើតរថក្រោះទម្ងន់ ៦០ តោន ដែលប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច (SMR) កម្រិត ១០ មេហ្គាវ៉ាត់ (MW) និងបំពាក់កាណុង Railgun កម្លាំង ៥០ មេហ្គាហ្ស៊ូល (MJ)។ កាណុងនេះអាចបាញ់គ្រាប់ផ្លោងក្នុងល្បឿនប្រមាណ ៣,៥ គីឡូម៉ែត្រក្នុងមួយវិនាទី។

​ផែនការអភិវឌ្ឍជា ៣ ដំណាក់កាល ដោយសារបញ្ហាប្រឈមផ្នែកបច្ចេកវិទ្យា ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន Inner Mongolia First Machinery Group និងវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង បានរៀបចំផែនការអភិវឌ្ឍជា ៣ ដំណាក់កាលរួមមាន មុនឆ្នាំ ២០៣៥៖ បំពាក់អាវុធអេឡិចត្រូម៉ាញេទិកលើរថក្រោះបច្ចុប្បន្ន ជាមួយកាណុងចម្ងាយ ១៥០ គ.ម និងការប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត។

ចន្លោះឆ្នាំ ២០៣៥-២០៤៥ បង្កើនសមត្ថភាពកាណុងដល់ចម្ងាយ ៣០០ គ.ម រួមជាមួយបច្ចេកវិទ្យាផ្ទុកថាមពលទំនើប។
ក្រោយឆ្នាំ ២០៤៥ ឈានទៅផលិតរថក្រោះដើរដោយថាមពលនុយក្លេអ៊ែរពេញលេញ ដែលអាចបាញ់ដល់ចម្ងាយ ៤៥០ គីឡូម៉ែត្រ។

បញ្ហាប្រឈមធំៗផ្នែកវិស្វកម្ម ដើម្បីឱ្យរថក្រោះនេះអាចដំណើរការបាន រ៉េអាក់ទ័រនុយក្លេអ៊ែរត្រូវតែមានទំហំតូចបំផុត (មិនឱ្យលើសពី ២ ម៉ែត្រគូប) ខណៈរបាំងការពារវិទ្យុសកម្ម (Radiation shielding) មិនត្រូវមានទម្ងន់លើសពី ៣ តោនឡើយ។ ម្យ៉ាងវិញទៀត ការផ្លាស់ប្តូរឥន្ធនៈនុយក្លេអ៊ែរ ត្រូវធ្វើឡើងក្នុងចន្លោះពេលយ៉ាងហោចណាស់ ៥ ឆ្នាំម្តង។

ក្តីបារម្ភពីអ្នកជំនាញ ទោះបីជាមានមហិច្ឆតាធំក្តី អ្នកជំនាញយោធាបានចោទសួរពីភាពជាក់ស្តែងនៃគម្រោងនេះ។ អ្នកជំនាញបានលើកឡើងថា ការដាក់ម៉ាស៊ីននុយក្លេអ៊ែរលើរថក្រោះ នឹងបង្កជាបញ្ហាស្មុគស្មាញជាច្រើនទាក់ទងនឹងទម្ងន់ និងទីតាំងផ្ទុក។ អ្វីដែលកាន់តែគ្រោះថ្នាក់នោះគឺ «សុវត្ថិភាព» (Survivability) ព្រោះប្រសិនបើរថក្រោះនេះត្រូវរងការវាយប្រហារដោយដ្រូន ឬមីស៊ីលប្រឆាំងរថក្រោះ នោះរ៉េអាក់ទ័រនុយក្លេអ៊ែរនឹងក្លាយជាចំណុចខ្សោយដ៏គ្រោះថ្នាក់បំផុតនៅលើសមរភូមិ។

ប្រែសម្រួល៖ គីរី

To Top