ការិយាល័យថវិការបស់សភាអាមេរិកថា កងទ័ពអាមេរិកចំណាយប្រាក់ប្រហែល ៣៨ ពាន់លានដុល្លារ ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
បរទេស៖ ការិយាល័យថវិការបស់សភាអាមេរិក (CBO) ដែលជាស្ថាប័នមិនលំអៀង បានឱ្យដឹងកាលពីថ្ងៃអង្គារ (ទី១៥ ខែកញ្ញា) ថា សង្គ្រាមជាមួយអ៊ីរ៉ង់បានធ្វើឱ្យកងទ័ពអាមេរិកចំណាយប្រាក់ប្រហែល ៣៨ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី១ ខែសីហា ហើយការចំណាយនេះអាចនឹងកើនឡើងរាប់ពាន់លានដុល្លារបន្ថែមទៀតជារៀងរាល់ខែ ប្រសិនបើជម្លោះនៅតែបន្តអូសបន្លាយ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ថា នៅក្នុងរបាយការណ៍មួយ CBO បានបញ្ជាក់ថា៖ «គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ជម្លោះប្រដាប់អាវុធជាមួយអ៊ីរ៉ង់បានធ្វើឱ្យ (ក្រសួងការពារជាតិ) ចំណាយប្រាក់ប្រហែល ៣៨ ពាន់លានដុល្លារ»។ របាយការណ៍នេះសំដៅលើសង្គ្រាមដែលបានផ្ទុះឡើងបន្ទាប់ពីមានការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ ចាប់តាំងពីចុងខែកុម្ភៈមក។
របាយការណ៍ដដែលបានបន្ថែមថា អាស្រ័យលើកម្រិតនៃអំពើហិង្សា ការចំណាយប្រចាំខែគឺអាចមានចន្លោះពី ២ ទៅ ៣ ពាន់លានដុល្លារ ឬច្រើនជាងនេះ ប្រសិនបើជម្លោះនៅតែបន្ត។
របាយការណ៍បានបញ្ជាក់ថា តួលេខសរុបទាំងនេះឆ្លុះបញ្ចាំងពីការចំណាយលើការជំនួសគ្រាប់រំសេវ និងឧបករណ៍យោធាដែលបានប្រើប្រាស់ ឬបាត់បង់នៅក្នុងសមរភូមិ និងការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសម្រាប់កងទ័ព ព្រមទាំងកត្តាផ្សេងៗទៀត។
ការចំណាយលើការជំនួសគ្រាប់រំសេវដែលបានប្រើប្រាស់រហូតដល់ថ្ងៃទី១ ខែសីហា ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២១,៧ ពាន់លានដុល្លារ។ CBO បានកត់សម្គាល់ថា ការជំនួសគ្រាប់រំសេវទាំងនេះគឺជាផ្នែកធំបំផុតនៃការចំណាយដែលក្រសួងការពារជាតិបានជួបប្រទះនៅក្នុងជម្លោះនេះ។
ប្រែសម្រួល: ណៃ តុលា
