ព័ត៌មានអន្តរជាតិ

ឥណ្ឌាសន្យាការពារសន្តិសុខ ថាមពល សម្រាប់ប្រជាជនរបស់ខ្លួន និងព្រមានថា ពន្ធរបស់សហរដ្ឋអាមេរិក អាចប៉ះពាល់ដល់ទំនាក់ទំនង

បរទេស៖ នៅថ្ងៃព្រហស្បតិ៍ ប្រទេសឥណ្ឌាបានប្រកាសថា ខ្លួននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាសុវត្ថិភាពថាមពលសម្រាប់ប្រជាជនរបស់ខ្លួន ហើយនឹងបន្តស្វែងរកប្រភពផ្គត់ផ្គង់ពីអ្នកលក់ចម្រុះ ដោយផ្អែកលើស្ថានភាពទីផ្សារ។ ការប្រកាសនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានចាត់វិធានការថ្មីមួយ ដើម្បីដាក់ទណ្ឌកម្មលើអ្នកទិញដែលធ្វើសកម្មភាពបែបនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា ទីក្រុងញូវដេលីក៏បានបញ្ជាក់ផងដែរថា ខ្លួនបានព្រមានទីក្រុងវ៉ាស៊ីនតោនថា រាល់វិធានការថ្មីៗបែបនេះអាចជះឥទ្ធិពល ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការដាក់ទណ្ឌកម្ម និងពន្ធគយដ៏ទូលំទូលាយមួយ ដែលមានគោលបំណងបង្កើនសម្ពាធសេដ្ឋកិច្ចលើប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន។

ច្បាប់នេះផ្តល់សិទ្ធិអំណាចដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធគយខ្ពស់រហូតដល់ ១០០% លើបណ្តាប្រទេសនានា រួមទាំងប្រទេសឥណ្ឌាផងដែរ ដើម្បីកាត់បន្ថយការពឹងផ្អែក របស់ពួកគេលើប្រេង និងឧស្ម័នរបស់រុស្ស៊ី ក៏ដូចជាដើម្បីពង្រីកវិធានការ ដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។
ប្រែសម្រួលៈ ណៃ តុលា

To Top