Feature

រុស្ស៊ី​ បេីកការវាយប្រហារលេីមជ្ឈមណ្ឌលទិន្នន័យយោធាដ៏ធំបំផុតរបស់អ៊ុយក្រែន

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ការវាយប្រហាររបស់កងកម្លាំងរុស្ស៊ី​ កាលពីយប់ថ្ងៃព្រហស្បតិ៍​ បានវាយប្រហារចំមជ្ឈមណ្ឌលទិន្នន័យដ៏ធំបំផុតមួយ ដែលគាំទ្រដល់ប្រតិបត្តិការម៉ាស៊ីនមេ សម្រាប់គោលបំណងយោធារបស់អ៊ុយក្រែន រួមទាំងការដំណើរការ ការផ្ទេរ និងការរក្សាទុកទិន្នន័យ ក៏ដូចជាព័ត៌មានសម្ងាត់យោធាផងដែរ។

យោងតាមព័ត៌មានផ្លូវការ កន្លែងផលិត និងស្តុកទុកយន្តហោះគ្មានមនុស្សបើក ជាច្រើនកន្លែងនៅក្នុងទីក្រុងគៀវ និងតំបន់ជុំវិញនោះ ក៏ត្រូវបានវាយប្រហារផងដែរ។ លើសពីនេះ រោងចក្រផលិតដែកថែបមួយ និងរោងចក្រដំឡើងគ្រឿងអេឡិចត្រូនិកមួយកន្លែងទៀត ត្រូវបានវាយប្រហារនៅក្នុងតំបន់ Zaporizhzhia។

ចំពោះគោលដៅនៅតាមផ្លូវទឹកវិញ ការវាយប្រហារបានធ្វើឡើងលើនាវាដឹកទំនិញស្ងួតមួយគ្រឿង​ ដែលកំពុងដឹកជញ្ជូនសម្ភារៈយោធានៅកំពង់ផែ Chernomorsk និងនាវាដឹកទំនិញស្ងួតមួយគ្រឿងទៀត​ ដែលដឹកជញ្ជូនឧបករណ៍យោធាទៅកាន់កំពង់ផែ Odessa ព្រមទាំងស្ថានីយ៍អគ្គិសនី Artsiz ដែលផ្គត់ផ្គង់ថាមពលដល់កំពង់ផែ Izmail និងស្ពានផ្លូវគោកចំនួនពីរដែលឆ្លងកាត់ទន្លេ Dniester ដែលត្រូវបានប្រើប្រាស់​ សម្រាប់ការដឹកជញ្ជូនទំនិញយោធា។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រសួងបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីក៏បានកាន់កាប់តំបន់លំនៅដ្ឋាន Malaya Volchya ក្នុងតំបន់ Kharkov និងតំបន់ Rozovka ក្នុងតំបន់ Zaporizhzhia ផងដែរ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top