ប្រភពពីខាងអ៊ីរ៉ង់ថា ប្រទេសចិន កំពុងជំរុញឱ្យអ៊ីរ៉ង់ ជួយទប់ស្កាត់ក្រុមហ៊ូធី បន្ទាប់ពីមានការអំពាវនាវ សុំជំនួយពីសំណាក់ ប្រទេសអារ៉ាប៊ីសាអូឌីត
បរទេស៖ យោងតាមប្រភពព័ត៌មានអ៊ីរ៉ង់ចំនួនបីដែលដឹងពីបញ្ហានេះបានឱ្យដឹងថា ប្រទេសចិនបានស្នើដោយផ្ទាល់ទៅកាន់ទីក្រុងតេអេរ៉ង់ (Tehran) ឱ្យជួយទប់ស្កាត់ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែន បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតបានអំពាវនាវទៅកាន់ទីក្រុងប៉េកាំង ក្រោយពេលដែលក្រុមនេះដែលទទួលបានការគាំទ្រពីអ៊ីរ៉ង់ បានបើកប្រតិបត្តិការវាយលុកយ៉ាងខ្លាំងក្លាក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រភពទាំងនោះបានបញ្ជាក់ថា ទីក្រុងរីយ៉ាដ (Riyadh) បានងាកទៅរកប្រទេសចិនដើម្បីសុំជំនួយ បន្ទាប់ពីក្រុមហ៊ូធី បានវាយលុកចូលកាន់កាប់ទឹកដីយ៉ាងឆាប់រហ័សនៅតាមបណ្តោយឆ្នេរសមុទ្រក្រហម និងជុំវិញច្រកសមុទ្រ Bab el-Mandeb ដែលសកម្មភាពទាំងនេះ បានធ្វើឱ្យការនាំចេញប្រេង និងការដឹកជញ្ជូនតាមផ្លូវសមុទ្រ របស់អារ៉ាប៊ីសាអូឌីតប្រឈម នឹងហានិភ័យកាន់តែខ្លាំង។
ទោះបីជាប្រទេសចិនបានអំពាវនាវជាសាធារណៈឱ្យមានការអត់ធ្មត់ ការសន្ទនា និងការធានានូវសុវត្ថិភាពនៃការធ្វើនាវាចរណ៍ក៏ដោយ ប៉ុន្តែសារដែលខ្លួនបានផ្ញើដោយផ្ទាល់នោះមានខ្លឹមសារ ស៊ីជម្រៅជាងសេចក្តីថ្លែងការណ៍ជាសាធារណៈទៅទៀត។
ទីក្រុងប៉េកាំងចង់ឱ្យអ៊ីរ៉ង់ប្រើប្រាស់ ឥទ្ធិពលរបស់ខ្លួនទៅលើក្រុមហ៊ូធី ដើម្បីជួយទប់ស្កាត់កុំឱ្យជម្លោះនេះ រីករាលដាលបន្ថែមទៀតទៅលើផ្លូវ ដឹកជញ្ជូនថាមពល ដែលប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកត្រូវពឹងផ្អែកលើផ្លូវទាំងនោះ។
ប្រែសម្រួលៈ ណៃ តុលា
