ព័ត៌មានអន្តរជាតិ

ព្រះមហាក្សត្រម៉ាឡេស៊ី រាជានុញ្ញាតឱ្យឃុំខ្លួនអតីតនាយករដ្ឋមន្ត្រី Najib Razak នៅក្នុងផ្ទះ សម្រាប់ទោស ដែលនៅសេសសល់

បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ីបានឱ្យដឹងថា នៅថ្ងៃសុក្រ ព្រះមហាក្សត្រម៉ាឡេស៊ី បានរាជានុញ្ញាតឱ្យអតីតនាយករដ្ឋមន្ត្រីគឺលោក Najib Razak ដែលកំពុងជាប់ពន្ធនាគារ អាចអនុវត្តទោសដែលនៅសល់ក្រោមលក្ខខណ្ឌឃុំខ្លួននៅក្នុងផ្ទះ ។ ការសម្រេចចិត្តនេះធ្វើឡើងរយៈពេល ៤ ឆ្នាំបន្ទាប់ពីលោក Najib Razak ត្រូវបានកាត់ទោសថា មានកំហុសក្នុងករណីពាក់ព័ន្ធនឹងរឿង អាស្រូវហិរញ្ញវត្ថុដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក Najib ដែលជានាយករដ្ឋមន្ត្រីចាប់ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨ ត្រូវបានរកឃើញថាមានកំហុសពីបទពុករលួយទាក់ទងនឹងការកិបកេងប្រាក់រាប់ពាន់លានដុល្លារពីមូលនិធិវិនិយោគរបស់រដ្ឋឈ្មោះ 1Malaysia Development Berhad (1MDB) ដែលលោកបានសហស្ថាបនា នៅពេលកាន់អំណាច។ យ៉ាងណាក៏ដោយ លោកតែងតែបដិសេធជានិច្ចថា ខ្លួនមិនបានប្រព្រឹត្តកំហុស អ្វីឡើយ។

នាយកដ្ឋានផ្នែកច្បាប់របស់នាយករដ្ឋមន្ត្រី បានចេញសេចក្តីថ្លែងការណ៍មួយថា៖ «ព្រះមហាក្សត្រ Sultan Ibrahim បានយល់ព្រមផ្តល់ការលើកលែងទោស ដោយមានលក្ខខណ្ឌដល់លោក Najib Razak ដោយអនុញ្ញាតឱ្យគាត់អនុវត្តទោស ដែលនៅសល់ក្រោមលក្ខខណ្ឌឃុំខ្លួននៅក្នុងផ្ទះ រហូតដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៨»។

នៅក្នុងរឿងអាស្រូវ 1MDB នេះ ទឹកប្រាក់ជាង ១ ពាន់លានដុល្លារត្រូវបានគេចោទប្រកាន់ថាបានហូរចូលទៅក្នុងគណនីដែលពាក់ព័ន្ធនឹងលោក Najib (បច្ចុប្បន្នមានអាយុ ៧៣ ឆ្នាំ)។ យោងតាមអ្នកស៊ើបអង្កេត របស់សហរដ្ឋអាមេរិក លោក Najib អះអាងថាគាត់ត្រូវបានគេយកធ្វើជាអ្នក ទទួលខុសត្រូវជំនួសគេ នៅក្នុងផែនការដ៏ស្មុគស្មាញមួយ ដែលមានវិសាលភាពទូទាំងពិភពលោក ដែលបានកិបកេងប្រាក់អស់រហូតដល់ ៤,៥ ពាន់លានដុល្លារ។
ប្រែសម្រួលៈ ណៃ តុលា

To Top