ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលស៊ីរី យល់ព្រមបញ្ចុះថ្លៃប្រេងម៉ាស៊ូត បន្ទាប់ពីប្រជាជន ធ្វើបាតុកម្មតវ៉ាទូទាំងប្រទេស

បរទេស៖ រដ្ឋមន្ត្រីក្រសួងថាមពលស៊ីរី លោក Mohammed al-Bashir បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ីរីនឹងផ្តល់ជូនប្រេងម៉ាស៊ូត ក្នុងតម្លៃទាបជាងមុន សម្រាប់ប្រើប្រាស់ក្នុងការផ្តល់កម្ដៅ វិស័យកសិកម្ម និងឧស្សាហកម្ម។ ការសម្រេចចិត្តនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការដំឡើងថ្លៃប្រេងឥន្ធនៈដែលបានបង្កឱ្យមានការតវ៉ាយ៉ាងទូលំទូលាយបំផុត ចាប់តាំងពីការដួលរលំ នៃរបបរបស់លោក Bashar al-Assad មក។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា ចំណាត់ការនេះបង្ហាញពី ការបោះជំហានថយក្រោយមួយផ្នែក របស់រដ្ឋាភិបាល បន្ទាប់ពីការដំឡើងថ្លៃ កាលពីចុងសប្តាហ៍មុនដែលបានបង្ក ឱ្យមានបាតុកម្មនៅទូទាំងប្រទេស ដែលក្នុងនោះក្រុមអ្នកតវ៉ា បានដុតសំបកកង់ឡាន បិទផ្លូវ និងទាមទារឱ្យលុបចោលការដំឡើងថ្លៃនោះវិញ។ យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ប្រជាជនស៊ីរីប្រហែល ៩០% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។

លោក Mohammed al-Bashi បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រេងម៉ាស៊ូតនឹងត្រូវលក់ក្នុងតម្លៃបីកម្រិត គឺ ១១៥, ១៥០ និង ១៧៥ ផោនស៊ីរីក្នុងមួយលីត្រ ដោយអាស្រ័យលើលក្ខណៈបច្ចេកទេស និងគោលបំណងនៃការប្រើប្រាស់។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំជាមួយប្រធានាធិបតី Ahmed al-Sharaa អំពីវិបត្តិប្រេងឥន្ធនៈកាលពីយប់ថ្ងៃពុធ។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ រដ្ឋាភិបាលបានដំឡើងថ្លៃប្រេងម៉ាស៊ូតស្តង់ដារចំនួន ៤០% ពី ១២៥ ផោន ទៅដល់ ១៧៥ ផោនស៊ីរីក្នុងមួយលីត្រ ព្រមទាំងបានដំឡើងថ្លៃប្រេងសាំងប្រហែល ២៦% ទៅ ២៨% និងឧស្ម័នសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងឧស្សាហកម្មប្រហែល ៩% ផងដែរ។
ប្រែសម្រួលៈ ណៃ តុលា

To Top