ការខ្វះខាតឧស្ម័ន និងថាមពល បង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងការបិទរោងចក្រ នៅបង់ក្លាដែស
បរទេស៖ ការនាំចេញផលិតផលពីរបស់ប្រទេសបង់ក្លាដែសកំពុងកាត់បន្ថយផលិតកម្ម ហើយប្រទេសប៉ាគីស្ថានបានដាក់ចេញនូវការឧបត្ថម្ភធនលើប្រេងឥន្ធនៈ ខណៈដែលការរំខានដល់ការផ្គត់ផ្គង់ថាមពលនៅឈូងសមុទ្រពែក្ស បានជំរុញឱ្យមានការខ្វះខាត និងការចំណាយខ្ពស់នៅទូទាំងអាស៊ីខាងត្បូង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា សម្ពាធនេះកើតឡើងបន្ទាប់ពីការរំខានដល់ការដឹកជញ្ជូនប្រេង និងឧស្ម័នតាមរយៈច្រកសមុទ្រហ័រមូស បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ ការប្រយុទ្ធគ្នារវាងអារ៉ាប៊ីសាអូឌីត និងក្រុមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ក៏បានគំរាមកំហែងដល់ពាណិជ្ជកម្មតាមរយៈសមុទ្រក្រហម ដែលជាផ្លូវសំខាន់មួយទៀតសម្រាប់ការផ្គត់ផ្គង់ថាមពលនៅឈូងសមុទ្រពែក្សផងដែរ។
ប្រទេសបង់ក្លាដែសត្រូវបានប៉ះពាល់ជាពិសេសដោយ ប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើឧស្ម័នធម្មជាតិរាវ (LNG) ដែលនាំចូលសម្រាប់បង្កើតអគ្គិសនី ហើយការរំខានដល់ការផ្គត់ផ្គង់ពីប្រទេសកាតាបានបង្ខំឱ្យទីក្រុងដាកាស្វែងរកទំនិញដែលមានតម្លៃថ្លៃជាងនៅលើទីផ្សារភ្លាមៗ។ ការខ្វះខាតឧស្ម័ន និងថាមពលបានបង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងការបិទរោងចក្រ។
តម្លៃភ្លាមៗនៅអាស៊ីសម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) បានកើនឡើងជិតដល់ ៣០ ដុល្លារក្នុងមួយលានឯកតាកម្ដៅអង់គ្លេស ពីប្រហែល ១០ ដុល្លារមុនពេលមានជម្លោះ។
ប្រទេសប៉ាគីស្ថានក៏កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងផងដែរ ដោយសារតម្លៃប្រេងឥន្ធនៈខ្ពស់។ វិស័យថាមពលរបស់ប្រទេសនេះអាចនឹងត្រូវការឧស្ម័នរហូតដល់ ៤០០ លានហ្វីតគូបក្នុងមួយថ្ងៃនៅអំឡុងរដូវរងា ខណៈដែលមានការបញ្ជាក់អំពីការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) តែពីរជើងប៉ុណ្ណោះសម្រាប់ខែកញ្ញា។
ប្រែសម្រួល: ណៃ តុលា
