Feature

រុស្ស៊ីពង្រីកការហាមឃាត់ការនាំចូលអាហារពីបស្ចិមប្រទេសរហូតដល់ឆ្នាំ ២០២៨

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានពង្រីកទៅលើការហាមឃាត់របស់រុស្ស៊ីលើការនាំចូលផលិតផលអាហារមួយចំនួនពីបស្ចិមប្រទេស រហូតដល់ដំណាច់ឆ្នាំ ២០២៨។ ការហាមឃាត់នេះត្រូវបានដាក់ចេញជាលើកដំបូងដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មលើរុស្ស៊ីកាលពីជាងមួយទសវត្សរ៍មុន។ ក្រឹត្យនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់វិមានក្រឹមឡាំង (Kremlin) កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា វិធានការរឹតបន្តឹងទាំងនេះត្រូវបានដាក់ចេញនៅខែសីហា ឆ្នាំ ២០១៤ ដើម្បីជាការសងសឹកចំពោះទណ្ឌកម្មដែលដាក់លើរុស្ស៊ីដោយបណ្តាប្រទេសលោកខាងលិចមួយចំនួន ដែលមិនទទួលស្គាល់ការធ្វើប្រជាមតិរបស់តំបន់គ្រីមៀ (Crimea) ក្នុងការចូលរួមជាមួយសហព័ន្ធរុស្ស៊ី។ តំបន់សមុទ្រខ្មៅ (Black Sea region) ដែលប្រជាជនភាគច្រើននិយាយភាសារុស្ស៊ី បានបោះឆ្នោតដាច់ខ្លួនចេញពីអ៊ុយក្រែន បន្ទាប់ពីមានរដ្ឋប្រហារមួយដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងគៀវ (Kiev) កាលពីដើមឆ្នាំនោះ។

វិធានការរឹតបន្តឹងរបស់រុស្ស៊ីអនុវត្តចំពោះការនាំចូលពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី នូវែលសេឡង់ ន័រវែស អ៊ុយក្រែន អាល់បានី ម៉ុងតេណេហ្គ្រូ អ៊ីស្លង់ និងលីចតិនស្តែង (Liechtenstein)។ វិធានការទាំងនេះគ្របដណ្តប់លើផលិតផលនានា រួមមាន សាច់ អាហារសមុទ្រ ផលិតផលទឹកដោះគោ ផ្លែឈើ និងបន្លែ។ ប្រទេសជាច្រើនដែលរងផលប៉ះពាល់ត្រូវបានរដ្ឋាភិបាលរុស្ស៊ីចាត់ថ្នាក់ជាផ្លូវការថាជាប្រទេស «មិនមែនជាមិត្ត» (unfriendly)។

ទីក្រុងម៉ូស្គូបានអះអាងថា ការហាមឃាត់នេះបានជួយជំរុញផលិតកម្មក្នុងស្រុក និងទាក់ទាញម៉ាកយីហោជាច្រើនទៀតពីប្រទេសដែលមិនមែនជាលោកខាងលិច និងជាប្រទេសមិត្តភាព ដូចជាប្រទេសស៊ែប៊ី (Serbia) ជាដើម។

ប្រែសម្រួលៈ ណៃ តុលា

To Top