បរទេស៖ ប្រាក់បញ្ញើរបស់គ្រួសារបានកើនឡើងដល់ ១១,២ លានពាន់លានដុង (VND) នៅដំណាច់ខែកក្កដា ដែលជាការកើនឡើងជិត ៩% បើធៀបនឹងដំណាច់ឆ្នាំមុន ដោយសារអត្រាការប្រាក់លើប្រាក់បញ្ញើនៅតែមានកម្រិតខ្ពស់។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ថា ស្ថាប័នឥណទានបានប្រមូលប្រាក់បញ្ញើសុទ្ធពីសាធារណជនបានជិត ៩០០ ទ្រីលានដុងចាប់តាំងពីដើមឆ្នាំមក ដែលជាកម្រិតខ្ពស់បំផុតយោងតាមស្ថិតិពីធនាគាររដ្ឋវៀតណាម។ នៅក្នុងខែកក្កដាតែមួយ ប្រាក់បញ្ញើរបស់គ្រួសារបានកើនឡើងជាង ១៥០ ទ្រីលានដុង ឬប្រហែល ១,៣៧% បើធៀបនឹងខែមុន។
ផ្ទុយទៅវិញ ស្ថាប័នសេដ្ឋកិច្ចបានកាត់បន្ថយប្រាក់បញ្ញើធនាគាររបស់ពួកគេ។ ក្រុមនេះបានដាក់ប្រាក់បញ្ញើចំនួន ៦,២៤ លានពាន់លានដុង ដែលជាការថយចុះ ២% បើធៀបនឹងខែមុន ដោយបានបញ្ចប់និន្នាការកើនឡើងជាបន្តបន្ទាប់រយៈពេល ៥ ខែ។
ទោះជាយ៉ាងណាក៏ដោយ នៅទូទាំងប្រព័ន្ធទាំងមូល ប្រាក់បញ្ញើបានកើនឡើង ០,២% ដោយឈានដល់ប្រហែល ២០,៥ លាន ពាន់លានដុង។ តួលេខនេះស្ថិតក្នុងនិន្នាការកើនឡើងសម្រាប់ខែទី ៤ ជាប់ៗគ្នា ខណៈដែលអត្រាការប្រាក់លើប្រាក់បញ្ញើបច្ចុប្បន្នខ្ពស់ជាងដើមឆ្នាំប្រហែល ១,៥ ភាគរយ។ ធនាគារជាច្រើនកំពុងផ្តល់អត្រាការប្រាក់សម្រាប់រយៈពេល ៦-១២ ខែក្នុងកម្រិតប្រហែល ៨-៩,៥% ដែលខ្ពស់ជាងអត្រាការប្រាក់ដែលបានប្រកាសជាសាធារណៈយ៉ាងខ្លាំង។
ស្ថានភាពអត្រាការប្រាក់ខ្ពស់នេះកើតចេញជាចម្បងពីភាពមិនស្មើគ្នារវាងកំណើនឥណទាន និងការប្រមូលប្រាក់បញ្ញើ។ ជួនកាល ភាពខុសគ្នានេះមានទំហំជិត ២ ទ្រីលានដុង ដែលបង្ខំឱ្យធនាគារប្រកួតប្រជែងគ្នាដើម្បីទាក់ទាញប្រាក់បញ្ញើសន្សំ បន្ថែមលើការស្វែងរកប្រភពទុនផ្សេងទៀតដូចជា ការចេញលក់មូលបត្រ ការខ្ចីប្រាក់រវាងធនាគារ និងប្រាក់បញ្ញើពីឃ្លាំងរតនាគាររដ្ឋ។
ប្រែសម្រួលៈ ណៃ តុលា
