Feature

តម្លៃប្រេងម៉ាស៊ូតសកល ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយអាចនឹងបន្តកើនឡើងថែមទៀត

បរទេស៖ តម្លៃប្រេងម៉ាស៊ូតនៅអឺរ៉ុប និងសហរដ្ឋអាមេរិកបានកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដោយសារជម្លោះនៅអ៊ីរ៉ង់ និងអ៊ុយក្រែនបានកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចេញពីប្រទេសផលិតធំៗមួយចំនួនដូចជា រុស្ស៊ី អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE) ខណៈដែលមានជម្រើសតិចតួចប៉ុណ្ណោះក្នុងការទប់ស្កាត់ការឡើងថ្លៃបន្ថែមទៀត។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃសម្រាប់ប្រេងម៉ាស៊ូតនៅអឺរ៉ុបបានបិទក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មានកាលពីសប្តាហ៍មុន ដោយបានកើនឡើងជាងទ្វេដងធៀបនឹងកម្រិតនៅដើមឆ្នាំ ២០២៦ បន្ទាប់ពីការរំខានដល់ការផ្គត់ផ្គង់បានរាលដាលដល់តំបន់សមុទ្រក្រហម ដែលជាកន្លែងអារ៉ាប៊ីសាអូឌីតធ្វើការដឹកជញ្ជូនប្រេងម៉ាស៊ូតភាគច្រើនរបស់ខ្លួន។

ជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែនបានបង្កការខូចខាតដល់រោងចក្រចម្រាញ់ប្រេងនៅក្នុងតំបន់ ហើយរោងចក្រចម្រាញ់ប្រេងនៅកន្លែងផ្សេងទៀតកំពុងខិតខំប្រឹងប្រែងផលិតប្រេងឥន្ធនៈ។ ជាក់ស្តែងនៅសហរដ្ឋអាមេរិក រោងចក្រចម្រាញ់ប្រេងបានដំណើរការក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៨ ឆ្នាំកាលពីចុងខែសីហា , នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

ទីភ្នាក់ងារថាមពលអន្តរជាតិបានលើកឡើងនៅក្នុងព្រឹត្តិបត្រព័ត៌មានមួយកាលពីថ្ងៃចន្ទថា៖ «បញ្ហាសំខាន់មួយគឺថា រោងចក្រចម្រាញ់ប្រេងជាច្រើននៅជុំវិញពិភពលោកកំពុងដំណើរការដល់កម្រិតអតិបរមារបស់ខ្លួនរួចទៅហើយ។ ស្ថានភាពនេះបន្សល់ទុកនូវជម្រើសតិចតួចប៉ុណ្ណោះក្នុងការទប់ស្កាត់ការខ្វះខាតការផ្គត់ផ្គង់បន្ថែមទៀត និងការឡើងថ្លៃខ្ពស់ជាងមុននៅក្នុងខែខាងមុខ»។

ការនាំចេញប្រេងម៉ាស៊ូតពីមជ្ឈិមបូព៌ាបានធ្លាក់ចុះពាក់កណ្តាលចាប់ពីខែមីនាដល់ខែសីហា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានកម្រិតជាមធ្យម ៨០០.០០០ បារ៉ែលក្នុងមួយថ្ងៃ នេះបើយោងតាមទិន្នន័យដឹកជញ្ជូនពីក្រុមហ៊ុន Kpler។ ទិន្នន័យរបស់ Kpler បានបង្ហាញទៀតថា តំបន់មជ្ឈិមបូព៌ាបានផ្គត់ផ្គង់ប្រេងម៉ាស៊ូតជិត ៤១% នៃការនាំចូលប្រេងម៉ាស៊ូតរបស់អឺរ៉ុបក្នុងឆ្នាំ ២០២៥។

ប្រែសម្រួលៈ ណៃ តុលា

To Top