Feature

ប្រភពព័ត៌មានឱ្យដឹងថា សហរដ្ឋអាមេរិកនឹងបើកមូលដ្ឋានយោធាថ្មីចំនួន២នៅតំបន់ហ្គ្រីនឡែន របស់ដាណឺម៉ាក

បរទេស៖ យោងតាមប្រភពចំនួនបីដែលដឹងពីបញ្ហានេះបានឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងបើកដំណើរការឡើងវិញនូវមូលដ្ឋានយោធាមួយកន្លែងពីសម័យសង្គ្រាមត្រជាក់នៅភាគខាងត្បូងនៃតំបន់ហ្គ្រីនឡែន (Greenland) និងបង្កើតវត្តមានយោធានៅមូលដ្ឋានមួយទៀតស្ថិតនៅឆ្នេរសមុទ្រភាគខាងកើត ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ដោយកងល្បាតជិះរទេះអូសដោយឆ្កែរបស់ដាណឺម៉ាក។

នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខាដោយសហរដ្ឋអាមេរិក ដាណឺម៉ាក និងហ្គ្រីនឡែន នៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ថា ប្រភពពីរក្នុងចំណោមប្រភពទាំងនោះបានឱ្យដឹងថា ទីតាំងទាំងនោះរួមមាន Narsarsuaq (ដែលចំនួនប្រជាជនបានថយចុះមកនៅត្រឹមតែប៉ុន្មានសិបនាក់ប៉ុណ្ណោះ ចាប់តាំងពីសហរដ្ឋអាមេរិកបានបិទមូលដ្ឋានយោធា Bluie West One របស់ខ្លួននៅទសវត្សរ៍ឆ្នាំ ១៩៥០) និង Mestersvig (ដែលជាប៉ុស្តិ៍យោធាមួយកន្លែងកំពុងត្រូវបានប្រើប្រាស់ដោយកងល្បាត Sirius Dog Sled Patrol ដែលជាអង្គភាពកងកម្លាំងពិសេសរបស់ដាណឺម៉ាក)។

គេរំពឹងថា ដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាមេរិក នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរបស់ពួកគេនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក នៅម៉ោង ១០:៣០ ព្រឹក ម៉ោងនៅតំបន់ភាគខាងកើតសហរដ្ឋអាមេរិក នៅថ្ងៃអង្គារ។

ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ ហើយប្រភពទាំងបីដែលដឹងពីកិច្ចព្រមព្រៀងនេះ (ដោយសុំមិនបញ្ចេញឈ្មោះ) បាននិយាយថា ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះនឹងមិនទាន់ត្រូវបានសម្រេចជាស្ថាពរនោះទេ រហូតទាល់តែមានការចុះហត្ថលេខា។

កិច្ចព្រមព្រៀងនេះកើតឡើងបន្ទាប់ពីមានការដាក់សម្ពាធអស់រយៈពេលជាច្រើនខែពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានលើកឡើងជាយូរមកហើយថា លោកចង់ឱ្យសហរដ្ឋអាមេរិកគ្រប់គ្រងដែនដីហ្គ្រីនឡែន (Greenland) ហើយថែមទាំងធ្លាប់បានបង្ហាញពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា ឬវិធានការសេដ្ឋកិច្ច ដើម្បីទទួលបានដែនដីរបស់ប្រទេសដាណឺម៉ាកដែលមានស្វ័យភាពកម្រិតមធ្យមមួយនេះ។

ប្រែសម្រួលៈ ណៃ តុលា

To Top