មេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង ត្រៀមធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក រយៈពេល ៣ថ្ងៃ
បរទេស៖ ក្រសួងការបរទេសចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំមួយ ភ្លាមៗបន្ទាប់ពីមានការប្រកាសនេះថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ស៊ី «នឹងធ្វើការផ្លាស់ប្តូរទស្សនៈស៊ីជម្រៅជាមួយប្រធានាធិបតី ត្រាំ លើបញ្ហាសំខាន់ៗទាក់ទងនឹងទំនាក់ទំនងចិន និងអាមេរិក ក៏ដូចជាបញ្ហាសន្តិភាព និងការអភិវឌ្ឍពិភពលោក»។
អ្នកនាំពាក្យក្រសួងការបរទេស លោក Guo Jiakun បានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ក្នុងចន្លោះពេល៦ខែនេះ គឺជារឿងមួយដែល «មានអត្ថន័យជាប្រវត្តិសាស្ត្រ និងជាព្រឹត្តិការណ៍ដ៏សំខាន់»។
លោក Guo បានបន្ថែមទៀតថា៖ «ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បី… ពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ គ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរជាបន្តបន្ទាប់ ព្រមទាំងជំរុញសន្តិភាព ស្ថិរភាព និងវិបុលភាពនៅលើពិភពលោក»។
ប្រែសម្រួល៖ គីរី
