អ៊ីរ៉ង់ទទូចឱ្យមានដំណោះស្រាយតាមផ្លូវការទូត បន្ទាប់ពីលោក ត្រាំ បដិសេធផែនការសន្តិភាព
តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានអះអាងយ៉ាងម៉ឺងម៉ាត់ថា មានតែមធ្យោបាយការទូតប៉ុណ្ណោះដែលអាចដោះស្រាយជម្លោះរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកបានបដិសេធសំណើរបស់អ៊ីរ៉ង់ក្នុងការបើកច្រកសមុទ្រហ័រមូស ឡើងវិញ និងការបញ្ចប់ការប្រយុទ្ធគ្នា។
លោក Abbas Araqchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានសរសេរនៅលើបណ្តាញសង្គមថា «លក្ខខណ្ឌរបស់យើងមានភាពច្បាស់លាស់ ហើយរាល់សកម្មភាពឆ្ពោះទៅរកការបើកច្រកសមុទ្រហ័រមូសឡើងវិញ គឺអាស្រ័យលើការបំពេញតាមលក្ខខណ្ឌទាំងនេះ។ មានតែដំណោះស្រាយតាមរយៈការចរចាប៉ុណ្ណោះ ទើបអាចដោះស្រាយភាពជាប់គាំងនេះបាន»។
កាលពីសប្តាហ៍មុន នៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក ប្រទេសអ៊ីរ៉ង់ បានប្រកាសពីសំណើស្ដីពីសន្តិភាពមួយ ដោយបញ្ជាក់ថាខ្លួនបានបញ្ជូនសំណើនោះទៅកាន់ភាគីអាមេរិកតាមរយៈអ្នកសម្របសម្រួលមកពីប្រទេសកាតា។
លោក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា លោកបានបដិសេធផែនការនេះ ហើយបានលើកឡើងថា ការអស់សង្ឃឹមគឺជាកត្តាជំរុញឱ្យភាគីអ៊ីរ៉ង់ព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយពាក់ព័ន្ធនឹងច្រកផ្លូវទឹកដ៏សំខាន់នេះ។
លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសេតវិមានថា «ពួកគេចង់បង្កើតកិច្ចព្រមព្រៀង ដើម្បីបើកច្រកសមុទ្រហ័រមូស ជាបន្ទាន់ ព្រោះពួកគេកំពុងរងការខាតបង់យ៉ាងធ្ងន់ធ្ងរ»៕
ប្រែសម្រួល ឈូក បូរ៉ា
