កូរ៉េខាងត្បូង ទាមទារឱ្យអ៊ុយក្រែនធ្វើការសុំទោស ចំពោះការទម្លាយព័ត៌មានអំពីការផ្ទេរឈ្លើយសឹកកូរ៉េខាងជើង
សេអ៊ូល៖ ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានទាមទារឱ្យមានការពន្យល់ និងការសុំទោសជាផ្លូវការពីប្រទេសអ៊ុយក្រែន ដោយចោទប្រកាន់ទីក្រុងគៀវថា បានទម្លាយព័ត៌មានអំពីការផ្ទេរឈ្លើយសឹកកូរ៉េខាងជើងចំនួន ២ នាក់មកកាន់កូរ៉េខាងត្បូង ហើយបន្ទាប់មកបានបដិសេធដោយមិនពិតថាភាគីទាំងពីរមិនបានព្រមព្រៀងរក្សាការសម្ងាត់លើរឿងនេះឡើយ។
លោក Seong Ghi-hong លេខាធិការជាន់ខ្ពស់ប្រចាំការិយាល័យប្រធានាធិបតីទទួលបន្ទុកផ្នែកទំនាក់ទំនងសាធារណៈ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា «ការិយាល័យប្រធានាធិបតី សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការទម្លាយព័ត៌មានដោយឯកតោភាគីរបស់អ៊ុយក្រែន និងការប្រកាសមិនពិតនៅពេលក្រោយមកថា មិនមានកិច្ចព្រមព្រៀងរក្សាការសម្ងាត់នោះទេ»។
លោកបានលេីកឡេីងថា រដ្ឋាភិបាលកំពុងពិនិត្យមើលវិធានការបន្ថែមជុំវិញបញ្ហានេះ ប្រសិនបើចាំបាច់។ លោកបានលើកឡើងថា អ៊ុយក្រែន បានពិភាក្សាជាច្រើនដងជាមួយទីក្រុងសេអ៊ូលតាមរយៈបណ្តាញផ្សេងៗគ្នាអំពីការផ្ទេរអ្នកទោសទាំងនោះ និងបានស្នើសុំរក្សាការសម្ងាត់ ដោយអះអាងថាការបើកចំហព័ត៌មានជាសាធារណៈអាចបង្កឱ្យមានការរិះគន់នៅក្នុងប្រទេសថា ទីក្រុងគៀវ បានបោះបង់ចោលឱកាសក្នុងការដោះដូរទាហានទាំងនោះយកអ្នកទោសអ៊ុយក្រែនមកវិញ។
លោកបានបន្ថែមថា កូរ៉េខាងត្បូងបានយល់ព្រមរក្សាការសម្ងាត់លើការផ្ទេរនេះ ដោយគិតគូរពីកង្វល់ផ្នែកសន្តិសុខ ការទូត និងមនុស្សធម៌ រួមទាំងសុវត្ថិភាពរបស់អ្នកទោស និងក្រុមគ្រួសាររបស់ពួកគេផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
