ព័ត៌មានអន្តរជាតិ

លោក ត្រាំ បង្ហើបពី «ការចរចាបន្ថែម» ជាមួយអ៊ីរ៉ង់ ប៉ុន្តែមន្រ្តីក្រុងតេអេរ៉ង់ថា លោក ត្រាំ ប៉ុនប៉ងដើម្បីរៀបចំ ឬធ្វើឱ្យជះឥទ្ធិពលលើទីផ្សារប្រេង

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោករំពឹងថានឹងមានការចរចាបន្ថែមទៀតជាមួយប្រទេសអ៊ីរ៉ង់នៅសប្តាហ៍នេះ ដោយលោកបានអះអាងជាថ្មីថា ទីក្រុងតេអេរ៉ង់ពិតជាចង់ «ឈានដល់កិច្ចព្រមព្រៀង» យ៉ាងខ្លាំង។ ទោះជាយ៉ាងណា មន្ត្រីសន្តិសុខអ៊ីរ៉ង់ម្នាក់ បានចាត់ទុកការលើកឡើង របស់លោក ត្រាំ ថាជាការប៉ុនប៉ងដើម្បីរៀបចំ ឬជះឥទ្ធិពលលើទីផ្សារប្រេង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ត្រាំ បានថ្លែងបែបនេះនៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទជាមួយសារព័ត៌មាន Axios កាលពីថ្ងៃអាទិត្យ ពោលគឺមួយថ្ងៃបន្ទាប់ពីលោកបានបដិសេធសំណើស្ដីពីសន្តិភាពចុងក្រោយរបស់អ៊ីរ៉ង់ ដោយចាត់ទុកថា វាជាសំណើដែលមិនអាចទទួលយកបាន ។ ទីក្រុងតេអេរ៉ង់បានស្នើឱ្យបើកច្រកសមុទ្រហ័រមូស (Strait of Hormuz) ឡើងវិញ ជាថ្នូរនឹងការដកការបិទខ្ទប់ផ្លូវសមុទ្រ ដោយកងទ័ពជើងទឹកអាមេរិក និងការបន្តការចរចាលើបញ្ហានុយក្លេអ៊ែរឡើងវិញ។

លោក ត្រាំ បានប្រាប់ Axios ថា៖ «ខ្ញុំរំពឹងថានឹងមានការចរចាបន្ថែមទៀតជាមួយអ៊ីរ៉ង់។ ពួកគេចង់ឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែវាមិនមែនជាកិច្ចព្រមព្រៀងដែលខ្ញុំចង់បាននោះទេ។ វាជាអ្វីដែលយើងប្រហែលជាអាចយល់ព្រមបានកាលពីមួយឆ្នាំមុន។ ពួកគេបានវាយតម្លៃស្ថានភាពខុស ហើយដើរតួហួសពីដែនកំណត់របស់ខ្លួន»។

លោកក៏បានបញ្ជាក់ផងដែរថា ការបើកការវាយប្រហារទ្រង់ទ្រាយធំឡើងវិញ ប្រឆាំងនឹងអ៊ីរ៉ង់ នៅតែជាជម្រើសមួយ ដោយលោកបានប្រាប់ សារព័ត៌មាននោះថា លោកកំពុងពិចារណាលើការវាយប្រហារថ្មី។ លើសពីនេះ លោក ត្រាំ បានអះអាងថា កាលពីចុងសប្តាហ៍កន្លងទៅ សហរដ្ឋអាមេរិកបានសម្រួល ដល់ការដឹកជញ្ជូនប្រេង «ជាង ២០ លានបារ៉ែល» ឆ្លងកាត់ច្រកសមុទ្រហ័រមូស ដែលជាបរិមាណច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែនៅតែទាបជាងកម្រិតមុនពេលមានជម្លោះ។
ប្រែសម្រួលៈ ណៃ តុលា

To Top