Feature

ចិន និងអាមេរិក យល់ព្រមបញ្ចុះពន្ធលើទំនិញទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ រួមមានផលិតផលកសិកម្ម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ

​បរទេស៖ យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៨ ខែកញ្ញា ប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងក្នុងការកាត់បន្ថយពន្ធលើទំនិញនាំចូលទៅវិញទៅមក ដែលមានទំហំទឹកប្រាក់ ៦០ពាន់លានដុល្លារ ទៅលើផលិតផលជាច្រើនប្រភេទ ចាប់តាំងពីពោតរហូតដល់គ្រឿងសម្អាងរបស់អាមេរិក និងពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះរហូតដល់ប្រដាប់ក្មេងលេងរបស់ចិន។

​តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា ក្រោមការសម្របសម្រួលរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-ចិន ប្រទេសទាំងពីរបានស្នើដាក់ទំនិញដែលមិនមានភាពរសើប ក្នុងទំហំទឹកប្រាក់ ៣០ពាន់លានដុល្លាររៀងៗខ្លួន ដើម្បីទទួលបានការអនុគ្រោះពន្ធបន្ថែម។ លោកបានបញ្ជាក់ថា សម្រាប់សហរដ្ឋអាមេរិក នេះគឺជា “ការបើកច្រកទីផ្សារកាន់តែប្រសើរឡើង” សម្រាប់ប្រមាណ ៣០% នៃការនាំចេញរបស់ខ្លួនទៅកាន់ប្រទេសចិន។

​ការកាត់បន្ថយពន្ធទៅវិញទៅមក រួមជាមួយនឹងការពន្យារពេលនៃការផ្អាកជម្លោះពាណិជ្ជកម្ម គឺជាលទ្ធផលដ៏សំខាន់មួយចេញពីកិច្ចប្រជុំកំពូលលើកទីពីរក្នុងឆ្នាំនេះ រវាងប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានរៀបចំឡើងនៅទីក្រុងវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន។

​យោងតាមបញ្ជីមួយក្នុងចំណោមបញ្ជីទាំងពីរដែលចេញពីសេតវិមានបានបង្ហាញថា ចិននឹងកាត់បន្ថយពន្ធលើ ផលិតផលកសិកម្មអាមេរិកជាច្រើនដូចជា ពោត ស្រូវសាលី សាច់ ផលិតផលទឹកដោះគោ ប្រេងរុក្ខជាតិ និងចំណីសត្វ ប៉ុន្តែ មិនរាប់បញ្ចូលសណ្តែកសៀង នោះទេ។ លើសពីនេះ ទីក្រុងប៉េកាំងក៏នឹងពិនិត្យមើលការកាត់បន្ថយពន្ធលើត្រី និងគ្រឿងសមុទ្រ ឈើ និងផលិតផលឈើ គ្រឿងសម្អាង និងបរិក្ខារពេទ្យរបស់អាមេរិកផងដែរ។

អាមេរិកនឹងកាត់បន្ថយពន្ធលើ គ្រឿងប្រើប្រាស់ខ្នាតតូចរបស់ចិន ដូចជា ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនដុតនំប៉័ង គ្រឿងចានកែវ ភួយ និងកម្រាលពូក ក៏ដូចជាប្រដាប់ក្មេងលេង កាំជ្រួច ផ្កាសិប្បនិម្មិត អំពូលភ្លើងដើមគ្រីស្មាស គ្រឿងតុបតែងថ្ងៃឈប់សម្រាកផ្សេងៗ និងកៅអីសុវត្ថិភាពសម្រាប់កុមារក្នុងរថយន្ត។

​ស្របពេលជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់នៅថ្ងៃថ្ងៃចន្ទនេះថា ការពន្យារពេល ២ខែ នៃការផ្អាកជម្លោះពាណិជ្ជកម្មរហូតដល់ថ្ងៃទី១០ ខែមករា នឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ភាគីទាំងពីរក្នុងការវាយតម្លៃលើការរៀបចំរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ការពន្យារពេលនេះ ក៏ផ្តល់នូវ បរិយាកាសគោលនយោបាយដែលមានស្ថិរភាព សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុននានា និងជំរុញឱ្យមានកិច្ចពិភាក្សាយ៉ាងសកម្មបន្តទៀតផងដែរ។

ប្រែសម្រួល៖ គីរី

To Top