Feature

ធនាគារ AIIB មានផែនការបង្កើនហិរញ្ញប្បទានទ្វេដងត្រឹមឆ្នាំ២០៣០ តើអាចបំពេញគម្លាតហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីបានដែរឬទេ?

បរទេស៖ ស្ថាប័នផ្តល់កម្ចីពហុភាគីមួយនេះ មានផែនការបញ្ចេញការវិនិយោគបន្ថែមទៀតទៅលើគម្រោងនានា ដែលគ្របដណ្តប់លើភាពធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញ និងការតភ្ជាប់ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) មានផែនការបង្កើនទំហំហិរញ្ញប្បទានប្រចាំឆ្នាំរបស់ខ្លួនទ្វេដង ពោលគឺរហូតដល់ប្រមាណ ២០ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០៣០ ស្របពេលដែលស្ថាប័នផ្តល់កម្ចីពហុភាគីដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំងមួយនេះ ឈានចូលដល់ទសវត្សរ៍ទីពីររបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ប្រធានធនាគារពីថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០៣៦ ដែលចេញផ្សាយដោយ South China Morning Post។

​នៅក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំលើកទី១១ របស់ធនាគារ នាទីក្រុងដូហា (Doha) ប្រទេសកាតា លោកស្រី ជូ ជាយី (Zou Jiayi) ប្រធានធនាគារ AIIB បានមានប្រសាសន៍ថា បណ្តាប្រទេសសមាជិកបានបង្ហាញពីតម្រូវការ “ដែលស្របគ្នាយ៉ាងខ្លាំង” សម្រាប់ការទទួលបានមូលនិធិគម្រោងបន្ថែមទៀត។

​លោកស្រីបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយថា៖ “ពួកគេត្រូវការហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងហិរញ្ញប្បទានបន្ថែមទៀតដើម្បីកសាងវា”។ លោកស្រីបានបន្ថែមថា លោកស្រីបានទៅបំពេញទស្សនកិច្ចនៅប្រទេសសមាជិកប្រមាណ ៣០ប្រទេស ចាប់តាំងពីលោកស្រីបានចូលកាន់តំណែង។

​លោកស្រី ជូ ជាយី ដែលជាអតីតអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានមានប្រសាសន៍ថា បណ្តាប្រទេសសមាជិកកាន់តែចាត់ទុកហេដ្ឋារចនាសម្ព័ន្ធទំនើបថាជា “កម្លាំងនៃការផ្លាស់ប្តូរ” ដែលអាចពង្រឹងសេដ្ឋកិច្ចរបស់ពួកគេក្នុងរយៈពេលវែង ជាជាងគ្រាន់តែចាត់ទុកថាជាទ្រព្យសកម្មរូបវន្តធម្មតា។

​ក្រោមផែនទីចង្អុលផ្លូវគោលនយោបាយរបស់ខ្លួន ធនាគារ AIIB បានបញ្ជាក់ថា ខ្លួននឹងបញ្ចេញមូលនិធិឆ្ពោះទៅរកគម្រោងដែលផ្តោតលើ ភាពធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរផ្នែកឌីជីថល ការតភ្ជាប់ក្នុងតំបន់ ការអភិរក្ស និងការអភិវឌ្ឍ ដែលមានគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

​ដើម្បីតម្រង់ទិសសម្រាប់ដំណាក់កាលបន្ទាប់ លោកស្រីបានគូសបញ្ជាក់ពីក្របខ័ណ្ឌមួយដែលផ្តោតលើអ្វីដែលលោកស្រីហៅថា “I បីយ៉ាង (Triple I’s)” គឺ៖ ផលប៉ះពាល់ (Impact)នវានុវត្តន៍ (Innovation) និងសុចរិតភាព (Integrity)។ ក្នុងន័យអនុវត្តជាក់ស្តែង លោកស្រីបានលើកឡើងថា ការយកចិត្តទុកដាក់នឹងត្រូវផ្តោតលើគុណភាពគម្រោង និងសកម្មភាពអាកាសធាតុ ការសម្របឧបករណ៍ហិរញ្ញវត្ថុ និងគំរូអាជីវកម្មរបស់ធនាគារ ព្រមទាំងការរក្សានូវស្តង់ដារធនាគារកម្រិតខ្ពស់។

​ប៉ុន្តែ លោកស្រីបានព្រមានថា ការដោះស្រាយកង្វះខាតថវិកាដ៏ធំធេងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ី នឹងទាមទារធនធានច្រើនជាងអ្វីដែលរដ្ឋាភិបាលតែមួយអាចផ្តល់ឱ្យ។ លោកស្រីបានមានប្រសាសន៍ថា តម្រូវការហេដ្ឋារចនាសម្ព័ន្ធគឺ “ធំធេងពេកសម្រាប់ស្ថាប័នតែមួយ ឬតារាងតុល្យការសាធារណៈតែមួយអាចបំពេញបាន” ដោយលោកស្រីបានបន្ថែមថា ស្ថាប័នផ្តល់កម្ចីនេះនឹងត្រូវទាក់ទាញការវិនិយោគឯកជនឱ្យបានច្រើនថែមទៀត និងធ្វើឱ្យភាពជាដៃគូកាន់តែស៊ីជម្រៅជាមួយស្ថាប័នពហុភាគី និងទ្វេភាគីផ្សេងទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងនានារួមគ្នា។

​ធនាគារ AIIB បានចាប់ផ្តើមប្រតិបត្តិការនៅក្នុងឆ្នាំ២០១៦ និងបានស្វែងរកការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងតំបន់អាស៊ី និងតំបន់ផ្សេងៗទៀត។ ដើមឡើយ ធនាគារនេះត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏មានសក្តានុពលមួយចំពោះស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយលោកខាងលិច ដូចជាធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ក្នុងអំឡុងទសវត្សរ៍ដំបូងរបស់ខ្លួន ធនាគារបានពង្រីកសមាជិកភាពដល់ ១១១ សេដ្ឋកិច្ច និងបានអនុម័តហិរញ្ញប្បទានជាង ៧៩ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន ៤០០ ស្របពេលដែលខ្លួននៅតែរក្សាបាននូវចំណាត់ថ្នាក់ឥណទានកម្រិត AAA ពីទីភ្នាក់ងារវាយតម្លៃពិភពលោកធំៗ។

​ងាកមកមើលអនាគតវិញ លោកស្រីបានចង្អុលបង្ហាញថា វិស័យប្រពៃណីដូចជា ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និងអាកាសយានដ្ឋាន កំពុងមានសមាហរណកម្មកាន់តែខ្លាំងឡើងជាមួយនឹងបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។
​លោកស្រីបានអំពាវនាវឱ្យមានលទ្ធភាពទទួលបានសមត្ថភាព AI ជាសកល ដោយថ្លែងថា បច្ចេកវិទ្យានេះគួរតែ “បម្រើជាប្រយោជន៍ដល់មនុស្សទាំងអស់ មិនមែនសម្រាប់តែមនុស្សមួយក្តាប់តូចនោះទេ”។ ការសម្រេចបាននូវគោលដៅនេះ នឹងតម្រូវឱ្យមានការវិនិយោគជាមូលដ្ឋានលើហេដ្ឋារចនាសម្ព័ន្ធទិន្នន័យថ្នាក់ជាតិ។

​លោកស្រី ជូ ជាយី ក៏បានលើកឡើងផងដែរពីភាពបន្ទាន់នៃការដាក់បញ្ចូលវិធានការសម្របខ្លួនទៅនឹងអាកាសធាតុទៅក្នុងគម្រោងនានា ដោយបានលើកយកករណីទឹកជំនន់ដ៏រមរណភាពថ្មីៗនៅប្រទេសនេប៉ាល់ មកធ្វើជាការក្រើនរំលឹកថា ការត្រៀមខ្លួនសម្រាប់ផលប៉ះពាល់អាកាសធាតុ គឺមានសារៈសំខាន់ដូចគ្នាទៅនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនផងដែរ។
​ទោះបីជាមានទស្សនៈភូមិសាស្ត្រនយោបាយខុសៗគ្នាក្នុងចំណោមសមាជិកភាពអន្តរជាតិដ៏ទូលំទូលាយរបស់ខ្លួនក៏ដោយ លោកស្រីបានបញ្ជាក់ជាថ្មីពីការពឹងផ្អែករបស់ធនាគារលើការកសាងកុងសង់ស៊ីស (ការឯកភាពគ្នា) និងកិច្ចសន្ទនា។

​លោកស្រីបានមានប្រសាសន៍ថា ពហុភាគីនិយម គឺ “ជាទម្រង់នៃហេដ្ឋារចនាសម្ព័ន្ធមួយ គឺហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការកសាងទំនុកចិត្ត” ដោយបញ្ជាក់ជាថ្មីថា កុងសង់ស៊ីសអន្តរជាតិត្រូវតែផ្តល់អាទិភាពដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

​លោកស្រី ជូ ជាយី បានគូសបញ្ជាក់ជាចុងក្រោយថា៖ “ការអភិវឌ្ឍត្រូវតែត្រឡប់ទៅស្ថិតនៅលំដាប់កំពូលនៃរបៀបវារៈពិភពលោក។ ការអភិវឌ្ឍអាចសម្រេចទៅបាន តាមរយៈតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ”។

ប្រែសម្រួល៖ គីរី

To Top