តម្លៃមាសធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៦សប្តាហ៍ចុងក្រោយ
បរទេស៖ តម្លៃមាសនៅក្នុងប្រទេសវៀតណាម បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ៦សប្តាហ៍ ស្របពេលដែលតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានដាំក្បាលចុះជាង ២% នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។
ក្រុមហ៊ុនមាសពេជ្រ Saigon Gold Jewelry Company បានចាប់ផ្តើមដើមសប្តាហ៍នេះដោយបង្ហាញពីការធ្លាក់ចុះតម្លៃមាសដុំចំនួន ០,៧% មកនៅត្រឹម ១៤៣,៤លានដុង (ប្រមាណ ៥.៥២៤ដុល្លារអាមេរិក) ក្នុងមួយតម្លឹង (tael) ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី១៩ ខែសីហាមក។ ចំណែកឯតម្លៃមាសរោច ក៏មានការធ្លាក់ចុះស្រដៀងគ្នានេះដែរ មកនៅត្រឹម ១៤២,៩លានដុង ក្នុងមួយតម្លឹង។ (បញ្ជាក់៖ ១តម្លឹង ស្មើនឹង ៣៧,៥ក្រាម ឬ ១,២អោនស៍)។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា នៅលើទីផ្សារសកល តម្លៃមាសបានធ្លាក់ចុះជាង ២% កាលពីថ្ងៃចន្ទ ខណៈដែលការកើនឡើងនៃតម្លៃប្រេង បានរុញច្រានឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីបញ្ហាអតិផរណា និងពង្រឹងការរំពឹងទុកថា ធនាគារកណ្តាលអាមេរិក (Federal Reserve) នឹងបន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត។
តម្លៃមាសជួញដូរភ្លាមៗ (Spot gold) បានធ្លាក់ចុះ ២,១% មកនៅត្រឹម ៤.១៩៨,១០ដុល្លារ ក្នុងមួយអោនស៍ ដែលជាការធ្លាក់ចុះប្រចាំថ្ងៃដ៏ធំបំផុតគិតចាប់តាំងពីថ្ងៃទី១ ខែកញ្ញា។ ចំណែកឯតម្លៃមាសជួញដូរតាមកិច្ចសន្យាអនាគតរបស់អាមេរិក (US gold futures) បានធ្លាក់ចុះ ២,១% មកនៅត្រឹម ៤.២៣១,០០ដុល្លារ។
ស្របពេលជាមួយគ្នានេះ ប្រទេសអ៊ីរ៉ង់បានប្រកាន់ជំហរថា មានតែមធ្យោបាយការទូតប៉ុណ្ណោះដែលអាចដោះស្រាយជម្លោះរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាន។ ការលើកឡើងនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា លោកបានច្រានចោលសំណើរបស់អ៊ីរ៉ង់ ក្នុងការបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឡើងវិញ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលកត្តាភាពតានតឹងនេះបានរុញច្រានឱ្យតម្លៃប្រេងបន្តកើនឡើង។
លោក Tim Waterer ប្រធានផ្នែកវិភាគទីផ្សារប្រចាំក្រុមហ៊ុន KCM Trade បានលើកឡើងថា៖ “ទិន្នផលសញ្ញាបណ្ណ (Bond yields) ខ្ពស់ បូករួមនឹងតម្លៃប្រេងកើនឡើង គឺជាកត្តារួមគ្នាដែលបន្តដាក់សម្ពាធយ៉ាងខ្លាំងដល់ទីផ្សារមាស។ តម្លៃប្រេងបានកើនឡើងដោយសារសញ្ញាចម្រុះជុំវិញលំហូរនៃការផ្គត់ផ្គង់ប្រេង ដែលធ្វើឱ្យបញ្ហាអតិផរណានៅតែជាក្តីបារម្ភចម្បងសម្រាប់អ្នកវិនិយោគ”។
នាពេលខាងមុខនេះ អ្នកវិនិយោគកំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់ លើទិន្នន័យទីផ្សារការងារ និងអតិផរណារបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវចេញផ្សាយនៅក្នុងសប្តាហ៍នេះ។
លោក Waterer បានបញ្ជាក់បន្ថែមថា៖ “ប្រសិនបើតួលេខអតិផរណា ឬទិន្នន័យការងារបង្ហាញលទ្ធផលរឹងមាំជាងការរំពឹងទុក វានឹងបន្តដាក់សម្ពាធជំរុញឱ្យទិន្នផលសញ្ញាបណ្ណកើនឡើង ហើយវានឹងបន្តទាញទម្លាក់តម្លៃមាសបន្ថែមទៀតជាមិនខាន”។
ប្រែសម្រួល៖ គីរី
