ទូតអាមេរិកទម្លាយថា លោក ត្រាំ ធ្លាប់សួរប្រធានាធិបតីចិនពីបំណងក្នុងការទិញសព្វាវុធអាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានពន្យល់អំពីភាពត្រឹមត្រូវនៃការលក់អាវុធរបស់ខ្លួនដែលកំពុងរង់ចាំការអនុម័ត ទៅឱ្យកោះតៃវ៉ាន់ ប្រាប់ទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដោយចាត់ទុកថា វាគ្រាន់តែជាការលក់ទូទៅមួយក្នុងចំណោមការលក់អាវុធជាច្រើនដែលទីក្រុងវ៉ាស៊ីនតោនធ្វើនៅជុំវិញពិភពលោកប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ លោក ត្រាំ ថែមទាំងបានសួរលោក ស៊ី ទៀតថា តើលោកចង់ទិញអាវុធពីសហរដ្ឋអាមេរិកដែរឬទេ? នេះបើតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ យោងតាមការចេញផ្សាយពីសារព័ត៌មាន AP។
លោក David Perdue បានមានប្រសាសន៍ថា លោក ត្រាំ បានលើកឡើងពីលទ្ធភាពនៃការលក់អាវុធពីសហរដ្ឋអាមេរិកទៅឱ្យដៃគូប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ខ្លួន ដែលនេះជាសំណើមួយដែលមិនគួរឱ្យជឿ ហើយប្រសិនបើវាក្លាយជាការពិតមែននោះ វានឹងធ្វើឱ្យក្រឡាប់ចាក់នូវគោលនយោបាយអាមេរិកជាច្រើនជំនាន់ចំពោះចិន និងតៃវ៉ាន់ ព្រមទាំងអាចធ្វើឱ្យបច្ចេកវិទ្យាអាមេរិកធ្លាក់ទៅដល់ដៃសត្រូវដែលមានសក្តានុពលផងដែរ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន Shannon Bream ក្នុងកម្មវិធី “Fox News Sunday” ប៉ុន្មានថ្ងៃបន្ទាប់ពីលោក ត្រាំ បានទទួលស្វាគមន៍លោក ស៊ី ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន លោក Perdue មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយដែលសំណើនេះត្រូវបានធ្វើឡើងនោះទេ។
អ្នកស្រី Bream បានលើកឡើងពីក្តីបារម្ភពីសំណាក់សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ជុំវិញភាពយឺតយ៉ាវនៃកញ្ចប់ជំនួយ និងការបញ្ជាទិញអាវុធសម្រាប់តៃវ៉ាន់ ដែលជាកោះប្រកាន់លទ្ធិប្រជាធិបតេយ្យ និងគ្រប់គ្រងដោយខ្លួនឯង ដើម្បីការពារខ្លួនពីការគំរាមកំហែងឈ្លានពានពីសំណាក់ប្រទេសចិន។
អ្នកស្រី Bream បានចោទសួរថា តើសហរដ្ឋអាមេរិកកំពុងផ្អាកការផ្តល់អាវុធដល់តៃវ៉ាន់ ដើម្បីផ្គាប់ចិត្តប្រធានាធិបតីចិន ដែលទើបតែមកបំពេញទស្សនកិច្ចកាលពីសប្តាហ៍មុនឬយ៉ាងណា? លោក Perdue បានច្រានចោលការលើកឡើងនេះ ដោយបញ្ជាក់ថា លោក ត្រាំ “មានជំហររឹងមាំលើបញ្ហាតៃវ៉ាន់ជាងអ្នកណាៗទាំងអស់ដែលលោកធ្លាប់បានឃើញ” ហើយអាមេរិកក៏បានលក់អាវុធជាច្រើនដល់តៃវ៉ាន់រួចមកហើយដែរ។ លោក Perdue ក៏បានបន្ថែមថា លោក ត្រាំ និងលោក ស៊ី នៅតែបន្តពិភាក្សាគ្នាអំពីការលក់អាវុធរបស់អាមេរិកទៅឱ្យតៃវ៉ាន់នាពេលអនាគត។
លោក Perdue បានសង្កត់ធ្ងន់ថា៖ “ប៉ុន្តែប្រធានាធិបតី ត្រាំ នៅតែបន្តនិយាយថា ‘ពួកយើងក៏លក់អាវុធទៅឱ្យអ្នកផ្សេងទៀតនៅជុំវិញពិភពលោកដែរ’។ ជាក់ស្តែង នៅពេលមួយនោះ លោកថែមទាំងបានសួរប្រធានាធិបតី ស៊ី ថា តើលោកចង់ទិញអាវុធខ្លះដែរឬទេ”។
ប្រែសម្រួល៖ គីរី
