លោក វ៉ាង យី ជំរុញឱ្យជប៉ុន កែតម្រូវពាក្យសម្តី និងសកម្មភាពខុសឆ្គង របស់ថ្នាក់ដឹកនាំខ្លួន ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់
ប៉េកាំង ៖ លោក វ៉ាង យី ដែលជាអ្នកការទូតជាន់ខ្ពស់ របស់ប្រទេសចិន បានឧ្យដឹងថា សម្រាប់ប្រទេសជប៉ុន កិច្ចការបន្ទាន់ គឺត្រូវកែតម្រូវពាក្យសម្តី និងសកម្មភាពខុសឆ្គង របស់ថ្នាក់ដឹកនាំខ្លួនពាក់ព័ន្ធ នឹងបញ្ហាកោះតៃវ៉ាន់ឱ្យបានឆាប់បំផុត។
លោក វ៉ាង យី ដែលជានាយកការិយាល័យនៃគណៈកម្មការកិច្ចការបរទេស របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានថ្លែងបែបនេះនៅពេលជួបជាមួយលោក Takeshi Iwaya ប្រធានសមាគមជប៉ុន សម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (JAPIT) នៅទីក្រុងប៉េកាំង ។
លោកបានលើកឡើងថា សមាគម JAPIT បានប្តេជ្ញាចិត្ត ចំពោះបុព្វហេតុ នៃមិត្តភាពរវាងចិន និងជប៉ុន ចាប់តាំងពីការបង្កើតសមាគមនេះមក។ ជាពិសេស នៅពេលដែលទំនាក់ទំនងរវាងចិន និងជប៉ុន ជួបប្រទះបញ្ហាប្រឈម និងការខូចខាត សមាគមនេះនៅតែរក្សាជំហរមិត្តភាព ចំពោះប្រទេសចិន និងការពារមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងទ្វេភាគី។
ដោយកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី ៨០ នៃការចាប់ផ្តើមសវនាការទីក្រុងតូក្យូ លោក វ៉ាង យី បានលេីកឡេីងថា ប្រទេសជប៉ុន កំពុងប្រឈមមុខនឹងការសាកល្បងនៃប្រវត្តិសាស្ត្រម្តងទៀត។
ប្រសិនបើជប៉ុន បដិសេធមិនរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ ប្រឈមមុខជំទាស់នឹងរដ្ឋធម្មនុញ្ញនិយមសន្តិភាពក្រោយសង្គ្រាម បដិសេធប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ខ្លួន ឬលើកតម្កើងឧក្រិដ្ឋជនសង្គ្រាមនោះ ជប៉ុននឹងមិនអាចប្រឈមមុខនឹងពិភពលោកបានឡើយ ហើយក៏មិនអាចនិយាយបានពីការកសាងអនាគតដែរ។
ឆ្នាំក្រោយគឺជាខួបលើកទី ៥៥ នៃការធ្វើឱ្យទំនាក់ទំនងការទូតរវាងចិន និងជប៉ុន ត្រឡប់មកប្រក្រតីវិញ។ អ្វីដែលសំខាន់ គឺការប្រកាន់យកអាកប្បកិរិយាត្រឹមត្រូវ ចំពោះបញ្ហាប្រវត្តិសាស្ត្រ។ លោកបានបន្ថែមថា ជាមូលដ្ឋានគ្រឹះ ប្រទេសជប៉ុន ចាំបាច់ត្រូវបង្កើតការយល់ឃើញ ប្រកបដោយភាពត្រឹមត្រូវតាមការពិត និងសមហេតុផលចំពោះប្រទេសចិន៕
