ព័ត៌មានអន្តរជាតិ

រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋក្នុងស្ថានភាព គ្រោះអាសន្ន ដោយសារតម្លៃប្រេងឥន្ធនៈឡើងថ្លៃខ្ពស់

បរទេស៖ អភិបាលរដ្ឋ តិចសាស់ លោក Greg Abbott បានប្រកាសដាក់រដ្ឋតិចសាស់ ក្នុងស្ថានភាពគ្រោះអាសន្នរយៈពេល ៣០ ថ្ងៃ ដើម្បីអនុវត្តវិធានការបន្ទាន់ នានាក្នុងការគ្រប់គ្រងតម្លៃប្រេងសាំង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា បទបញ្ជារដ្ឋបាលដែលប្រកាសដោយលោកអភិបាលរដ្ឋលោក Greg Abbott កាលពីថ្ងៃទី ២៨ ខែកញ្ញា នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលរដ្ឋតិចសាស់បន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើការដឹកជញ្ជូនពាណិជ្ជកម្ម បង្កើនការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃប្រេងឥន្ធនៈ ។ ស្ថានភាពគ្រោះអាសន្នទូទាំងរដ្ឋនេះនឹងមានសុពលភាពរយៈពេល ៣០ ថ្ងៃ ហើយអាចនឹងត្រូវបានពន្យារពេល បន្តទៀតដោយគ្មានកំណត់។

រដ្ឋតិចសាស់ក៏បានពង្រីកការអនុញ្ញាត ឱ្យប្រើប្រាស់ “ប្រេងម៉ាស៊ូតលាយពណ៌” (dye diesel) នៅលើផ្លូវថ្នល់ក្នុងរដ្ឋ បង្កើនកម្រិតទម្ងន់ដឹកជញ្ជូនអតិបរមា សម្រាប់យានយន្តដែលដឹកប្រេងឥន្ធនៈ ផលិតផលកសិកម្ម និងឈើ ព្រមទាំងផ្អាកការអនុវត្តបទប្បញ្ញត្តិ ស្តីពីប្រេងម៉ាស៊ូតដែលមានការបញ្ចេញឧស្ម័នទាប ក្នុងកម្រិតដែលអនុញ្ញាតដោយទីភ្នាក់ងារ ការពារបរិស្ថានសហរដ្ឋអាមេរិក (EPA)។

លោក Abbott ក៏បានស្នើឱ្យ EPA លើកលែងការតម្រូវ របស់សហព័ន្ធលើការប្រើប្រាស់ប្រេងម៉ាស៊ូត ដែលមានកម្រិតស្ពាន់ធ័រទាបបំផុត ដើម្បីបង្កើនការផ្គត់ផ្គង់ប្រេងឥន្ធនៈផងដែរ ។

យោងតាមលោកអភិបាលរដ្ឋតិចសាស់ គឺ វិធានការនានានៅក្នុងបទបញ្ជារដ្ឋបាលនេះនឹងជួយកាត់បន្ថយការចំណាយនៅក្នុងវិស័យកសិកម្ម ការដឹកជញ្ជូន និងតម្លៃលក់រាយ។ លោកបានមានប្រសាសន៍ថា៖ «វិស័យកសិកម្ម និងការដឹកជញ្ជូនទំនិញរបស់រដ្ឋតិចសាស់ ពឹងផ្អែកយ៉ាងខ្លាំងលើប្រេងម៉ាស៊ូត។ តម្លៃដែលឡើងខ្ពស់បំផុតជាប្រវត្តិសាស្ត្រនេះ កំពុងគំរាមកំហែងដល់វិស័យទាំងពីរ និងបង្កើនការចំណាយសម្រាប់គ្រួសារនីមួយៗនៅក្នុងរដ្ឋតិចសាស់»។

To Top