សកម្មភាពរោងចក្រនៅចិន ស្ទុះងើបឡើងវិញក្នុងខែកញ្ញា ស្របពេលមានកំណើន តម្រូវការលើវិស័យ AI
ទីក្រុងប៉េកាំង ៖ សកម្មភាពរោងចក្ររបស់ប្រទេសចិនបានវិលត្រឡប់មករកកំណើនវិញនៅក្នុងខែកញ្ញា នេះបើយោងតាមការស្ទង់មតិផ្លូវការនៅថ្ងៃពុធនេះ។ កំណើននេះកើតឡើងដោយសារការធូរស្រាលនៃបញ្ហាអាកាសធាតុ ដែលបានអនុញ្ញាតឱ្យរោងចក្រនានា បន្តប្រតិបត្តិការឡើងវិញ រួមផ្សំជាមួយនឹងកំណើននៃតម្រូវ ការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) សកល ដែលបានជួយគាំទ្រដល់វិស័យឧស្សាហកម្មយ៉ាងខ្លាំង នេះបើតាមការផ្សាយពី Reuters ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។
យោងតាមការិយាល័យស្ថិតិជាតិចិន (NBS) សន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) ផ្នែកផលិតកម្មផ្លូវការ បានកើនឡើងដល់ ៥០,១ ធៀបនឹង ៤៩,៨ ក្នុងខែសីហា ដែលជាការបញ្ចប់ការធ្លាក់ចុះពីរខែជាប់គ្នា។ តួលេខនេះស្របទៅនឹងការព្យាករណ៍របស់អ្នកជំនាញក្នុងការស្ទង់មតិរបស់ភ្នាក់ងារសារព័ត៌មាន Reuters។ (ពិន្ទុចាប់ពី ៥០ ឡើងទៅ បង្ហាញពីកំណើន ខណៈក្រោម ៥០ បង្ហាញពីការធ្លាក់ចុះ)។
ទិន្នន័យលម្អិតបានបង្ហាញថា សន្ទស្សន៍រង សម្រាប់ការបញ្ជាទិញថ្មីស្ថិតនៅកម្រិត ៥០,៥ ខណៈផ្នែកផលិតកម្មស្ថិត នៅកម្រិត ៥១,៧។ ស្របគ្នានេះដែរ ការស្ទង់មតិឯកជនដោយ RatingDog ក៏បានបង្ហាញពីលទ្ធផលប្រហាក់ប្រហែលគ្នា ដោយសន្ទស្សន៍ PMI ផ្នែកផលិតកម្មមានកម្រិត ៥២,១ ក្នុងខែកញ្ញា។ ចំណែកឯសន្ទស្សន៍ PMI ក្រៅវិស័យផលិតកម្ម (រួមមានសេវាកម្ម និងសំណង់) បានកើនដល់ ៥០,២ ធៀបនឹង ៤៩,០ កាលពីខែសីហា។
ភាពទន់ខ្សោយនៃសូចនាករសេដ្ឋកិច្ចមួយចំនួនកន្លងមក បានដាក់សម្ពាធដល់អ្នករៀបចំគោលនយោបាយឱ្យបញ្ចេញវិធានការគាំទ្របន្ថែម ខណៈដែលការលក់រាយ និងការវិនិយោគនៅមានកម្រិតទាបនៅឡើយ។ ជាការឆ្លើយតប កាលពីថ្ងៃអង្គារ រដ្ឋាភិបាលចិនបានប្រកាសវិធានការនានា ដើម្បីទម្លាក់អត្រាការប្រាក់ឥណទានសម្រាប់វិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ព្រមទាំងពង្រីកការគាំទ្រដល់អ្នក ទិញលំនៅដ្ឋានផងដែរ។ លោក Lynn Song ប្រធានសេដ្ឋវិទូប្រចាំតំបន់ចិន នៃស្ថាប័នហិរញ្ញវត្ថុ ING បានលើកឡើងថា វិធានការគាំទ្រជុំថ្មីនេះ អាចនឹងជួយស្រោចស្រង់ផ្នែកដែលខ្សោយបំផុតនៃសេដ្ឋកិច្ចជាតិបាន។
ក្នុងឆ្នាំនេះ ចិនបានពឹងផ្អែកយ៉ាងខ្លាំងលើការនាំចេញ និងផលិតកម្មឧស្សាហកម្ម ដើម្បីរក្សាកំណើនសេដ្ឋកិច្ច ខណៈដែលតម្រូវការក្នុងស្រុកចុះខ្សោយ និងវិបត្តិអចលនទ្រព្យអូសបន្លាយ បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អាជីវកម្ម និងអ្នកប្រើប្រាស់។ អតិរេកពាណិជ្ជកម្មសកលរបស់ប្រទេសនេះ ត្រូវបានរំពឹងថានឹងកើនឡើងលើស ១ ទ្រីលានដុល្លារ សម្រាប់ឆ្នាំទីពីរជាប់គ្នា។
ទោះជាយ៉ាងណា ភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្ម បានបង្កជាហានិភ័យដល់ទស្សនវិស័យនៃការនាំចេញ ខណៈទំនិញចិនចាប់ពីគ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់ រហូតដល់ផលិតផលប្រើប្រាស់ក្នុងផ្ទះ កំពុងប្រឈមនឹងការរឹតបន្តឹងកាន់តែខ្លាំងពីទីផ្សារបរទេស។
ជុំវិញបញ្ហាពាណិជ្ជកម្មនេះ កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក និងចិន បានប្រកាសថានឹងកាត់បន្ថយពន្ធ លើទំនិញនាំចូលទៅវិញទៅមកក្នុងទំហំទឹកប្រាក់ ៦០ ប៊ីលានដុល្លារ។ ការកាត់បន្ថយនេះគ្របដណ្តប់លើទំនិញដូចជា ពោត និងគ្រឿងសម្អាងរបស់អាមេរិក ព្រមទាំងប្រដាប់ក្មេងលេង និងគ្រឿងប្រើប្រាស់ក្នុងផ្ទះរបស់ចិន ។ យ៉ាងណាក៏ដោយ ក៏នៅមានការលើកលែងទំនិញសំខាន់ៗ មួយចំនួនពីភាគីទាំងសងខាង ដោយក្នុងនោះ សណ្តែកសៀង ដែលជាផលិតផលកសិកម្មនាំចេញធំបំផុតរបស់អាមេរិកទៅកាន់ចិន មិនត្រូវបានរាប់បញ្ចូលក្នុងការកាត់បន្ថយពន្ធនេះទេ។
ប្រែសម្រួល៖ គីរី
