Feature

នាយករដ្ឋមន្ត្រីកាណាដា​ ស្វាគមន៍ការបង្កើនសមត្ថភាពផលិត LNG ដើម្បីបង្កើនទិន្នផលទ្វេដង​ សម្រាប់ទីផ្សារអាស៊ី

អូតាវ៉ា៖​ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានស្វាគមន៍ការវិនិយោគដ៏សំខាន់មួយពីវិស័យឯកជន​ ខណៈដែលក្រុមហ៊ុន LNG Canada បានអនុម័តគម្រោងពង្រីកដំណាក់កាលទី ២ របស់ខ្លួន។

គម្រោងនេះនឹងធ្វើឱ្យកន្លែងផលិតនេះក្លាយជាកន្លែងផលិតធំជាងគេទី ២ នៃប្រភេទនេះនៅក្នុងពិភពលោក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់កាណាដាជាមួយអាស៊ី។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី ការសម្រេចចិត្តរបស់ក្រុមហ៊ុន LNG Canada គឺផ្អែកលើភាពជោគជ័យនៃគម្រោងដំណាក់កាលទី ១ របស់ខ្លួន ដែលបានចាប់ផ្តើមនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ដែលមានកម្រិតកាបូនទាបនៅខែមិថុនា ឆ្នាំ ២០២៥ ដែលជាលើកដំបូងបង្អស់ដែល LNG ត្រូវបាននាំចេញពីកាណាដាដោយផ្ទាល់ទៅកាន់អតិថិជន។

គម្រោងដំណាក់កាលទី ២ របស់ LNG Canada នឹងបង្កើនសមត្ថភាពរបស់ស្ថានីយនេះទ្វេដងដល់ ២៨ លានតោនក្នុងមួយឆ្នាំ។សេចក្តីប្រកាសព័ត៌មានបានដកស្រង់សម្តីរបស់លោក Carney ថា «ការវិនិយោគជាប្រវត្តិសាស្ត្រនៅក្នុងក្រុមហ៊ុន LNG Canada គឺជាភស្តុតាងបញ្ជាក់ថា កាណាដាកំពុងកសាងគម្រោងធំៗ និងមានមហិច្ឆតាខ្ពស់ឡើងវិញ។

កន្លែងផលិតនេះនឹងនាំចេញ LNG ដែលមានកម្រិតការបំភាយឧស្ម័នទាបបំផុតមួយចំនួន ទៅកាន់ទីផ្សារថ្មីៗនៅក្នុងតំបន់អាស៊ី។​ កាណាដា​ កំពុងពង្រឹងសមត្ថភាពក្នុងស្រុក បង្កើតដៃគូពាណិជ្ជកម្មថ្មីៗនៅក្រៅប្រទេស និងជំរុញការវិនិយោគថ្មីៗក្នុងកម្រិតមួយ​ ដែលមិនធ្លាប់មានពីមុនមក​ សម្រាប់គម្រោងធំៗរបស់ខ្លួន។

នោះហើយជាលក្ខណៈរបស់មហាអំណាចថាមពល នៅពេលដែលខ្លួនសម្រេចចិត្តធ្វើសកម្មភាពក្នុងនាមជាមហាអំណាចថាមពល។ គួរបញ្ជាក់ថា​ LNG Canada គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដែលបង្កើតឡើងដោយក្រុមហ៊ុន Shell Canada, PETRONAS, PetroChina, Mitsubishi Corporation និង KOGAS៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top