សហរដ្ឋអាមេរិក ព្យាយាមទប់ស្កាត់ការឡើងថ្លៃទំនិញ និងកម្រិតទៅលើការនាំចេញប្រេងម៉ាស៊ូត នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ
បរទេស៖ ដើម្បីទប់ស្កាត់អតិផរណា មន្ត្រីអាមេរិកកំពុងលុបចោលពន្ធលើសាច់គោ ស្នើផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងស្វែងរកវិធីកម្រិតការនាំចេញប្រេងម៉ាស៊ូត។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា នៅសល់តែប្រាំសប្តាហ៍ទៀតប៉ុណ្ណោះការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនឹងមកដល់ ប៉ុន្តែអតិផរណានៅតែមានកម្រិតខ្ពស់។ អ្នកជំនាញយល់ឃើញថា វាមិនច្បាស់លាស់ទេថាតើគោលនយោបាយអ្វីខ្លះដែលរដ្ឋបាលរបស់លោក Trump អាចអនុវត្តបាន ដើម្បីធ្វើឱ្យអ្នកបោះឆ្នោតដែលធុញទ្រាន់នឹងការឡើងថ្លៃទំនិញមានចិត្តធូរស្រាលឡើងវិញ ដែលនឹងជួយឱ្យគណបក្សសាធារណរដ្ឋរបស់លោកអាចរក្សាការគ្រប់គ្រងសភាបាន។
អតិផរណានៅសហរដ្ឋអាមេរិកបានស្ថិតក្នុងកម្រិតខ្ពស់ជាងគោលដៅ ២% ដែលកំណត់ដោយធនាគារកណ្តាលអាមេរិក (Federal Reserve) អស់រយៈពេលជាងប្រាំឆ្នាំមកហើយ។ នៅពាក់កណ្តាលខែ ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលបីឆ្នាំ ដើម្បីទប់ស្កាត់ការឡើងថ្លៃទំនិញ។
ទោះជាយ៉ាងណាក៏ដោយ យោងតាមអ្នកសេដ្ឋកិច្ច គោលនយោបាយមួយចំនួនរបស់លោក Trump ក៏បានរួមចំណែកធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរឡើងផងដែរ។ ជម្លោះនៅមជ្ឈិមបូព៌ាបានរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ដែលធ្វើឱ្យតម្លៃថាមពលកើនឡើង។ ពន្ធលើការនាំចូលបានធ្វើឱ្យទំនិញមួយចំនួនមានតម្លៃថ្លៃជាងមុន។ វិធានការតឹងរ៉ឹងរបស់រដ្ឋបាលលើបញ្ហាអន្តោប្រវេសន៍ក៏បានបង្កការលំបាកដល់អាជីវកម្មក្នុងស្រុកក្នុងការស្វែងរកកម្លាំងពលកម្មដែលមានតម្លៃថោកផងដែរ។
ប្រែសម្រួលៈ តុលា
