Feature

ចិនប្តេជ្ញា នឹងចាត់វិធានការឆ្លើយតប ប្រសិនបើសហភាពអឺរ៉ុបដាក់ចេញវិធានការដែលប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ចិន

បរទេស៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ខ្លួននឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ដើម្បីការពារឧស្សាហកម្មរបស់ខ្លួន ប្រសិនបើសហភាពអឺរ៉ុបបន្តអនុវត្តការរឹតបន្តឹងលើក្រុមហ៊ុន ឬផលិតផលរបស់ចិន។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ថា ការលើកឡើងរបស់ក្រសួងក្រសួងពាណិជ្ជកម្មចិន គឺសំដៅទៅលើសេចក្តីព្រាងឯកសាររួមមួយដែលត្រូវបានរៀបចំឡើងដោយរដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួន ដែលជំរុញឱ្យមានយន្តការដោះស្រាយបញ្ហាពាណិជ្ជកម្មមិនស្មើភាព និងការចាត់វិធានការដ៏តឹងរ៉ឹងបន្ថែមទៀតប្រឆាំងនឹងប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា យន្តការនេះគឺជា “វិធានការការពារនិយម និងឯកតោភាគីនិយមធម្មតា” ហើយវានឹងបង្កការរំខានដល់ស្ថិរភាពនៃពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។

កាសែត Global Times ដែលគាំទ្រដោយរដ្ឋចិន បានរាយការណ៍នៅថ្ងៃពុធ ដោយដកស្រង់សម្តីអ្នកសង្កេតការណ៍ចិនម្នាក់ដែលមិនបញ្ចេញឈ្មោះថា ប្រទេសចិនអាចនឹងឆ្លើយតបដោយប្រើប្រាស់ “វិធានការគោលនយោបាយដ៏ខ្លាំងក្លា” ដែលរួមមានការស៊ើបអង្កេតលើការរើសអើង ការស៊ើបអង្កេតផ្នែកសន្តិសុខលើខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមទាំងអាចពិនិត្យមើលផលប៉ះពាល់នៃប្រាក់ឧបត្ថម្ភធនពីបរទេសផងដែរ។

ប្រែសម្រួលៈ តុលា

To Top