ឆ្មាំសមុទ្រហ្វីលីពីនរារាំងនិងបណ្តេញនាវាស្រាវជ្រាវចិន នៅក្បែរបណ្តុំកោះ Batanes
បរទេស៖ ប្រទេសចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នានៅក្នុងតំបន់ដែនទឹកក្បែរបណ្តុំកោះ Batanes ដែលជាទីតាំងក្លាយជាចំណុចក្តៅនៃជម្លោះដែនសមុទ្រថ្មីចុងក្រោយបង្អស់ ខណៈដែលទីក្រុងប៉េកាំងកំពុងបង្កើនការដាក់សម្ពាធប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងកំណត់ព្រំដែនសមុទ្ររវាងរដ្ឋាភិបាលទីក្រុងម៉ានីល នេះបើយោងតាមការចេញផ្សាយពី South China Morning Post ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។
កងឆ្មាំសមុទ្រហ្វីលីពីនបានប្រកាសនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបញ្ជូននាវាល្បាតដ៏ធំបំផុតមួយគ្រឿង ព្រមទាំងយន្តហោះមួយគ្រឿង ដើម្បី «រារាំង និងបណ្តេញ» នាវាស្រាវជ្រាវរបស់ចិនឈ្មោះ Jia Hai Ke 7 ដែលបានធ្វើប្រតិបត្តិការនៅក្នុងដែនទឹកក្បែរកោះនេះ អស់រយៈពេលជាច្រើនថ្ងៃមកហើយ។
អ្នកនាំពាក្យកងឆ្មាំសមុទ្រហ្វីលីពីន លោក Jay Tarriela បានគូសបញ្ជាក់នៅក្នុងសារបង្ហោះលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖ «នៅម៉ោង ៧:៥៥ នាទីព្រឹក នាវា BRP Teresa Magbanua បានចូលទៅកៀកនាវាចិន Jia Hai Ke 7 ក្នុងចម្ងាយតិចជាង ១០០យ៉ាត (៩១ម៉ែត្រ) និងបានបញ្ចេញទូកអូប័រល្បាត ដើម្បីចូលទៅរារាំងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រដែនសមុទ្រខុសច្បាប់របស់នាវានេះ ព្រមទាំងបង្ខំឱ្យនាវានេះចាកចេញពីតំបន់នោះតែម្តង។»
ប្រែសម្រួល៖ គីរី
