ព័ត៌មានអន្តរជាតិ

រលកនៃការលក់បណ្ណបំណុល ជាសកលកាន់តែធ្ងន់ធ្ងរ រុញច្រានអត្រាការប្រាក់ បណ្ណបំណុលអាមេរិកឡើង ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ២៤ឆ្នាំ

​បរទេស៖ ទីផ្សារបណ្ណបំណុល ជាសកលបានរងសម្ពាធ នៃការលក់យ៉ាងខ្លាំងជាថ្មីម្តងទៀត ដែលរុញច្រានថ្លៃដើម នៃការខ្ចីប្រាក់ (Borrowing Costs) ចាប់ពីសហរដ្ឋអាមេរិក បារាំង រហូតដល់ជប៉ុន ឱ្យឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលរាប់សិបឆ្នាំ និងបង្កើនការព្រួយបារម្ភកាន់តែខ្លាំង សម្រាប់អ្នកបង្កើតគោលនយោបាយសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

អត្រាការប្រាក់ហក់ឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងសតវត្សរ៍នេះ៖ អត្រាការប្រាក់នៃបណ្ណបំណុលរតនាគារ អាមេរិករយៈពេល ១០ឆ្នាំ (US 10-year Treasury yield) ដែលជាសូចនាករគោលសម្រាប់វាស់វែងថ្លៃ ដើមនៃការខ្ចីប្រាក់ទូទាំងពិភពលោក បានហក់ឡើងដល់ ៥,៣៤% ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០០២ មក បន្ទាប់ពីបានកត់ត្រាការកើនឡើងប្រចាំត្រីមាស (ត្រីមាសទី៣ បញ្ចប់ក្នុងខែកញ្ញា) ខ្ពស់បំផុតក្នុងសតវត្សរ៍នេះ។ ក្រោយមក អត្រានេះបានថមថយមកវិញនៅត្រឹមប្រមាណ ៥,២៦% បន្ទាប់ពីមានការចូលទិញប៉ះប៉ូវពីវិនិយោគិនមួយចំនួន។

មូលហេតុចម្បងដែលរុញច្រានតម្លៃឱ្យធ្លាក់ចុះ និងការប្រាក់ហក់ឡើង ការហក់ឡើងនៃថ្លៃថាមពលនិងប្រេងឥន្ធនៈ ដែលកំពុងជំរុញឱ្យអតិផរណាបន្តស្ថិតក្នុងកម្រិតខ្ពស់។ កំណើនយ៉ាងគំហុកនៃវិស័យបញ្ញាសិប្បនិម្មិត (AI) និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ដែលបង្កើនការប្រកួតប្រជែងដណ្តើមទុនវិនិយោគ និងបង្កើនការរំពឹងទុកលើកំណើនសេដ្ឋកិច្ច ក៏ដូចជាអត្រាការប្រាក់រយៈពេលខ្លី។

ផលប៉ះពាល់ជាខ្សែសង្វាក់លើសេដ្ឋកិច្ចពិត អត្រាការប្រាក់បណ្ណបំណុលឡើងខ្ពស់ បង្ខំឱ្យក្រុមហ៊ុននានា និងពលរដ្ឋដែលខ្ចីប្រាក់ទិញផ្ទះ (Mortgages) ត្រូវចំណាយលើថ្លៃការប្រាក់ខ្ពស់ជាងមុន ព្រមទាំងដាក់បន្ទុកលើរដ្ឋាភិបាលឱ្យចំណាយថវិកាកាន់តែច្រើនសន្ធឹកសន្ធាប់លើការសងការប្រាក់បំណុលជាតិ។

ការព្រមានអំពីស្ថានភាពសេដ្ឋកិច្ចបែបអក្សរ K (K-shaped Economy)៖ អ្នកវិភាគបានលើកឡើងថា ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនេះអាចបង្កើនហានិភ័យនៃឱនភាពសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ សេដ្ឋកិច្ចកំពុងដំណើរការមិនស្មើគ្នា ដោយក្រុមអ្នកមានទ្រព្យសម្បត្តិនៅតែរីកចម្រើន ខណៈក្រុមពលរដ្ឋដែលមានចំណូលទាបកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីការឡើងថ្លៃប្រេង និងទំនិញប្រើប្រាស់។

ការកើនឡើងនៃអត្រាការប្រាក់បណ្ណបំណុលនេះ បង្ហាញយ៉ាងច្បាស់ថា ទីផ្សារហិរញ្ញវត្ថុកំពុងទាមទារបុព្វលាភហានិភ័យ ខ្ពស់ជាងមុនសម្រាប់ការផ្តល់កម្ចីរយៈពេលវែង ដរាបណាវិធានការទប់ស្កាត់អតិផរណា មិនទាន់អាចគ្រប់គ្រងស្ថានការណ៍ បានពេញលេញនៅឡើយ។

ប្រែសម្រួល៖ គីរី

To Top