Feature

ប៉ូឡូញ​ ដាក់ពន្ធលើប្រាក់ចំណេញលើសកម្រិតលើក្រុមហ៊ុនប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ការឡើងថ្លៃ

ប៉ូឡូញ៖​ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានចុះហត្ថលេខាលើច្បាប់ស្តីពីការដាក់ពន្ធជាបណ្តោះអាសន្នលើប្រាក់ចំណេញលើសកម្រិត (windfall tax) សម្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈ ដោយមានគោលបំណងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។

ពន្ធនេះគ្របដណ្តប់លើរយៈពេលចាប់ពីថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧។ ក្រុមហ៊ុនផលិតប្រេងឥន្ធនៈនឹងត្រូវបង់ពន្ធក្នុងអត្រា ៦០ ភាគរយលើប្រាក់ចំណូលដែលលើសពីកម្រិតគោល ដែលកំណត់ផ្អែកលើកម្រិតប្រាក់ចំណេញធម្មតារបស់ពួកគេ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប៉ូឡូញ លោក Andrzej Domanski បានលេីកឡេីងថា តម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយត្រូវបានរំពឹងថា​ នឹងធ្លាក់ចុះចន្លោះប្រហែល ០,៣១ ទៅ ០,៣៣ ដុល្លារអាមេរិក​ ក្នុងមួយលីត្រនៅចុងសប្តាហ៍នេះ។

ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈបានក្លាយជាកត្តាសំខាន់មួយដែលបង្កឱ្យមានសម្ពាធអតិផរណានៅក្នុងប្រទេសប៉ូឡូញ។ ទិន្នន័យផ្លូវការបានបង្ហាញថា អតិផរណាអ្នកប្រើប្រាស់បានកើនឡើងដល់ ៤ ភាគរយនៅក្នុងខែកញ្ញា ធៀបនឹង ៣,៤ ភាគរយនៅក្នុងខែសីហា ខណៈដែលតម្លៃប្រេងឥន្ធនៈបានកើនឡើង ៣៦,១ ភាគរយធៀបនឹងឆ្នាំមុន។

អ្នកសេដ្ឋកិច្ចនៅធនាគារ ING Bank Slaski បានប៉ាន់ប្រមាណថា តម្លៃប្រេងឥន្ធនៈខ្ពស់នាពេលបច្ចុប្បន្ននេះ គឺជាកត្តាដែលរួមចំណែកប្រហែលពាក់កណ្តាលនៃអតិផរណាប្រចាំឆ្នាំរបស់ប្រទេសប៉ូឡូញ៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top