ក្រុមហ៊ុនលក់រាយយក្សរបស់ជប៉ុន Aeon ដាក់គោលដៅបើកផ្សារទំនើបចំនួន ៣០០ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៣០ នៅក្នុងប្រទេសវៀតណាម
បរទេស៖ ក្រុមហ៊ុនលក់រាយយក្សរបស់ជប៉ុនគឺ Aeon កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មនៅក្នុងប្រទេសវៀតណាម ដោយមានផែនការបើកដំណើរការផ្សារទំនើបចំនួន ៣០០ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ៣០ នៅទូទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ថា យោងតាមផែនការអាជីវកម្មរយៈពេលមធ្យមរហូតដល់ខែមីនា ឆ្នាំ២០៣១ ក្រុមហ៊ុន Aeon មានគោលបំណងរកចំណូលពីប្រតិបត្តិការឱ្យបានជាង ៣០០ ពាន់លានយ៉េន ស្មើនឹង ១,៩ ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសវៀតណាម ដែលជាតួលេខខ្ពស់ជាង ២,៥ ដងធៀបនឹងការព្យាករណ៍សម្រាប់ឆ្នាំសារពើពន្ធ ២០២៦។
ក្រុមហ៊ុនគ្រោងនឹងពង្រីកបណ្តាញផ្សារទំនើបរបស់ខ្លួន (រួមទាំងម៉ាក MaxValu) ពីប្រហែល ៦០ សាខាទៅដល់ ៣០០ សាខា ព្រមទាំងបែងចែកថវិកាវិនិយោគប្រហែល ៦០% នៃថវិកាវិនិយោគសរុបក្នុងតំបន់អាស៊ីអាគ្នេយ៍ មកកាន់ប្រទេសវៀតណាម។
ក្រុមហ៊ុនក៏មានផែនការពង្រីកបណ្តាញមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួនឱ្យដល់ចំនួន ៣០ ទីតាំងនៅត្រឹមដំណាច់ឆ្នាំសារពើពន្ធ ២០៣០ ព្រមទាំងអភិវឌ្ឍទីតាំងថ្មីៗនៅក្នុងទីក្រុង Ha Long, Thanh Hoa និង Da Nang ផងដែរ។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុន Aeon បានដំណើរការហាងចំនួន ៣០២ នៅក្នុងប្រទេសវៀតណាម ដែលរួមមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប និងហាងលក់ទំនិញទូទៅ (convenience stores) ម៉ាក Ministop។
ប្រែសម្រួលៈ តុលា
