IEA នឹងពន្លឿនការបញ្ចេញស្តុកប្រេង ដោយបញ្ជាក់ថា នៅមានប្រេងចំនួន ១០០ លានបារ៉ែលទៀតដែលនឹងត្រូវបញ្ចេញ
បរទេស៖ នៅថ្ងៃពុធ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានយល់ព្រមពន្លឿនការបញ្ចេញស្តុកប្រេង និងផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ប្រេងម៉ាស៊ូត ក្រោមផែនការដែលបានដាក់ចេញកាលពីខែមីនា ខណៈដែលរដ្ឋាភិបាលនានាកំពុងព្យាយាមដោះស្រាយបញ្ហាថ្លៃប្រេងឥន្ធនៈឡើងដល់កម្រិតខ្ពស់បំផុត និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមនៅអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា សង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន បានបង្កការខូចខាតដល់រោងចក្រចម្រាញ់ប្រេង និងរំខានដល់ការដឹកជញ្ជូនប្រេងតាមនាវា ដែលជាកត្តាជំរុញឱ្យថ្លៃប្រេងម៉ាស៊ូតឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងទីផ្សារជាច្រើន និងធ្វើឱ្យប្រេងឥន្ធនៈនេះក្លាយជាបញ្ហានយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់មួយនៅទូទាំងពិភពលោក។
IEA បានលើកឡើងថា ការបញ្ចប់ការបញ្ចេញស្តុកប្រេងដែលបានប្រកាសពីមុនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន អាចនាំយកប្រេងប្រហែល ១០០លានបារ៉ែលចូលទៅក្នុងទីផ្សារ ទោះបីជាអ្នកវិភាគ និងរដ្ឋាភិបាលមួយចំនួនបាននិយាយថា តួលេខនេះមិនមែនមានន័យថាជាការអន្តរាគមន៍ថ្មីក្នុងកម្រិតនោះឡើយ។
សេចក្តីថ្លែងការណ៍របស់ IEA ដែលជាស្ថាប័នផ្តល់យោបល់ដល់ប្រទេសឧស្សាហកម្មជឿនលឿន បានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយរបស់ក្រុមប្រទេស G7 កាលពីថ្ងៃសុក្រ ក្នុងការបញ្ចេញប្រេងឆៅ និងប្រេងម៉ាស៊ូតចំនួន ១០០លានបារ៉ែល ដែលបានបង្កើនការរំពឹងទុកថា នឹងមានការបញ្ចេញស្តុកប្រេងបន្ថែមទៀត។ ចំណាត់ការរបស់ក្រុមប្រទេស G7 នេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតី Donald Trump បានព្រមានថា លោកអាចនឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតរបស់សហរដ្ឋអាមេរិក ប្រសិនបើមិនមានការបញ្ចេញប្រេងឥន្ធនៈនេះចូលទៅក្នុងទីផ្សារបន្ថែមទៀតនោះទេ។
