ប្រភពព័ត៌មាន៖ យន្តហោះមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅឯព្រលានយន្តហោះទីក្រុងរីយ៉ាដ ដោយសារក្រុមហ៊ូធី បង្កើនការវាយប្រហារ
បរទេស៖ ក្រុមហ៊ូធី (Houthis) របស់ប្រទេសយេម៉ែនដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបង្កើនយុទ្ធនាការវាយប្រហារប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍ ដោយព្យាយាមបិទដែនអាកាស និងកន្លែងផលិតប្រេងរបស់ព្រះរាជាណាចក្រនេះ តាមរយៈការបាញ់មីស៊ីល ដែលបានបណ្តាលឱ្យមនុស្ស ៣ នាក់ស្លាប់នៅសប្តាហ៍នេះ និងធ្វើឱ្យយន្តហោះមួយគ្រឿងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ថា ក្រុមនេះបានអះអាងថា ខ្លួនបានវាយប្រហារអាកាសយានដ្ឋានទីក្រុងរីយ៉ាដ (Riyadh) និងបានព្រមានកម្មករឱ្យនៅឆ្ងាយពីរោងចក្រថាមពល ដែលនឹងក្លាយជាគោលដៅវាយប្រហារ។
បំណែកដែកដែលខ្ទាតចេញពីការស្ទាក់ចាប់មីស៊ីល ឬការប៉ះទង្គិចពីវត្ថុដែលបាញ់មកនោះ បានធ្វើឱ្យយន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិអារ៉ាប៊ីសាអូឌីត (Saudia Airlines) រងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីវាបានឆេះខណៈពេលយន្តហោះកំពុងចតនៅស្ថានីយអាកាសយានដ្ឋានកាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាមការបញ្ជាក់ពីមនុស្ស ៣ នាក់ដែលបានដឹងអំពីហេតុការណ៍នេះ។
ពួកគេបាននិយាយថា គេជឿជាក់ថា មិនមានអ្នកដំណើរនៅលើយន្តហោះនោះទេនៅពេលកើតហេតុ ប៉ុន្តែពួកគេមិនអាចបដិសេធលទ្ធភាពនៃការមានអ្នករងរបួសដោយសារហេតុការណ៍នេះបានទេ។ វីដេអូមួយដែលត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញពីផ្សែងខ្មៅក្រាស់ និងអណ្តាតភ្លើងដែលកំពុងហុយឡើងពីអាកាសយានដ្ឋានទីក្រុងរីយ៉ាដ។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត អាជ្ញាធរអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរណ៍ Saudia Airlines មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយដែលបានផ្ញើតាមអ៊ីមែលនោះទេ។
ប្រែសម្រួលៈ តុលា
