ប្រភពព័ត៌មានឱ្យដឹងថា ប្រទេសចិននឹងបន្តការនាំចេញប្រេងឥន្ធនៈឡើងវិញនៅក្នុងខែតុលា បន្ទាប់ពីកាត់បន្ថយការនាំចេញប្រេងកាលពីអំឡុងខែមីនា ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក
បរទេស៖ ពាណិជ្ជករចំនួន ៤ រូបដែលដឹងពីបញ្ហានេះបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិនគ្រោងនឹងបន្តការនាំចេញប្រេងឥន្ធនៈដែលបានចម្រាញ់រួចឡើងវិញសម្រាប់ខែតុលា បន្ទាប់ពីបានផ្អាកមួយរយៈខ្លីក្នុងអំឡុងពេលថ្ងៃឈប់សម្រាក “សប្តាហ៍មាស” (Golden Week)។ វិធានការនេះនឹងជួយសម្រាលភាពតានតឹងនៃទីផ្សារប្រេងម៉ាស៊ូត ប្រេងសាំង និងប្រេងឥន្ធនៈសម្រាប់យន្តហោះនៅទូទាំងពិភពលោក។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ថា ទីក្រុងប៉េកាំងបានចាប់ផ្តើមកាត់បន្ថយការនាំចេញប្រេងឥន្ធនៈកាលពីអំឡុងខែមីនា ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក នៅពេលដែលជម្លោះរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់បានរំខានដល់លំហូរប្រេងឆៅ និងផលិតកម្មចម្រាញ់ប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ទោះបីជាប្រទេសចិនបានបន្ធូរបន្ថយការគ្រប់គ្រងនៅចន្លោះខែកក្កដា និងខែកញ្ញាក៏ដោយ ប៉ុន្តែវិធានការរឹតបន្តឹងកន្លងមករបស់ខ្លួនបានរួមចំណែកធ្វើឱ្យការផ្គត់ផ្គង់មានភាពតឹងតែង និងបង្ខំឱ្យអ្នកទិញនៅអាស៊ីស្វែងរកប្រភពផ្គត់ផ្គង់ផ្សេងទៀត។
អ្នកពាក់ព័ន្ធក្នុងវិស័យនេះចំនួន ២ រូបផ្សេងទៀតបាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងធំជាងគេបំផុតរបស់ពិភពលោក និងជាទីតាំងនៃឧស្សាហកម្មចម្រាញ់ប្រេងធំជាងគេបំផុតរបស់ពិភពលោក បានអនុម័តការនាំចេញប្រេងឥន្ធនៈទាំងបីប្រភេទនេះសម្រាប់ខែតុលា ក្នុងបរិមាណសរុបប្រហែល ៣,៧ លានតោន។
បើធៀបនឹងពេលមុន ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនត្រូវបានគេរំពឹងថា នឹងនាំចេញប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងឥន្ធនៈសម្រាប់យន្តហោះក្នុងបរិមាណលើសពី ៤ លានតោនបន្តិចបន្តួចនៅក្នុងខែកញ្ញា, នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីដើមខែមុន។
សូមជម្រាបថា ជម្លោះនៅមជ្ឈិមបូព៌ា និងជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី បានរំខានដល់ផលិតកម្មប្រេងឥន្ធនៈដែលបានចម្រាញ់រួចនៅទូទាំងពិភពលោក និងបណ្តាលឱ្យតម្លៃកើនឡើង ជាពិសេសតម្លៃប្រេងម៉ាស៊ូត ប៉ុន្តែអ្នកវិភាគបាននិយាយថា វិធានការរបស់ប្រទេសចិននឹងជួយសម្រាលភាពតានតឹងនៃទីផ្សារបានត្រឹមតែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
ប្រែសម្រួលៈ ណៃ តុលា
