Feature

វៀតណាមកំណត់គោលដៅនាំចេញផលិតផលជលផល ១១,៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦

​បរទេស៖ ប្រទេសវៀតណាម បានកំណត់គោលដៅនាំចេញផលិតផលជលផល និងគ្រឿងសមុទ្រ ឱ្យបានជាង ១០លានតោន ដែលគិតជាទឹកប្រាក់មានទំហំប្រមាណ ១១,៥ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNExpress ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ។

​ថ្លែងនៅក្នុងសន្និសីទមួយកាលពីថ្ងៃពុធ លោក ផាម ក្វាងតាន់ (Pham Quang Toan) អគ្គនាយករងនៃនាយកដ្ឋានជលផល និងឃ្លាំមើលជលផលវៀតណាម បានមានប្រសាសន៍ថា តួលេខនេះស្មើនឹងកំណើន ០,៦ភាគរយ នៃបរិមាណនាំចេញសរុប បើធៀបទៅនឹងឆ្នាំ២០២៥។

​លោកបានរៀបរាប់លម្អិតថា ការនាំចេញផលិតផលជលផលដែលបានមកពីការនេសាទធម្មជាតិ ត្រូវបានរំពឹងថានឹងសម្រេចបានប្រមាណ ៣,៧៥លានតោន ពោលគឺធ្លាក់ចុះ ២,១ភាគរយ ខណៈផលិតផលបានពីការវារីប្បកម្ម (ការចិញ្ចឹម) ត្រូវបានប៉ាន់ប្រមាណថានឹងមានរហូតដល់ ៦,២៥លានតោន ពោលគឺមានការកើនឡើង ២,២ភាគរយ។

​ជុំវិញយុទ្ធសាស្ត្រទៅថ្ងៃមុខ លោក ត្រឹន ឌីញលួន (Tran Dinh Luan) អគ្គនាយកនៃនាយកដ្ឋានជលផលខាងលើ បានបញ្ជាក់ថា វិស័យជលផលរបស់វៀតណាម នឹងបន្តកាត់បន្ថយការពឹងផ្អែកលើការនេសាទបែបធម្មជាតិ ហើយងាកមកពង្រីកការធ្វើវារីប្បកម្មប្រកបដោយនិរន្តរភាព និងមានភាពធន់នឹងបម្រែបម្រួលអាកាសធាតុ ដើម្បីពង្រឹងភាពប្រកួតប្រជែងនៅលើទីផ្សារ។

​លោកបានសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្លាស់ប្តូរផ្នត់គំនិតពីត្រឹមការផលិតបែបប្រពៃណី ឱ្យក្លាយទៅជាសេដ្ឋកិច្ចជលផល និងផ្លាស់ប្តូរពីកំណើនដែលពឹងផ្អែកលើតម្លៃទោល ទៅជាការអភិវឌ្ឍដោយធ្វើសមាហរណកម្មពហុតម្លៃបញ្ចូលគ្នា។

ប្រែសម្រួល៖ គីរី 

To Top