Feature

អ៊ីរ៉ង់​ ច្រានចោលការអះអាងរបស់កាតា​ ដែលថាអ្នកបើកយន្តហោះរបស់ខ្លួន​ ៣នាក់​ ត្រូវបានចាប់ខ្លួន

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ បានរាយការណ៍ថា មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានលើកឡើងថា សេចក្តីថ្លែងការណ៍របស់កាតា​ ពាក់ព័ន្ធនឹងជោគវាសនារបស់អ្នកបើកយន្តហោះអ៊ីរ៉ង់ចំនួន ៣ នាក់ ដែលគេជឿថាត្រូវបានកាតាចាប់ខ្លួនតាំងពីខែមីនាមកនោះ គឺ «មិនអាចផ្តល់ទំនុកចិត្ត ឬធ្វើឱ្យជឿជាក់បានឡើយ»។

លោក Mohammad Bagherzadeh មេបញ្ជាការគណៈកម្មាធិការស្វែងរកបុគ្គលបាត់ខ្លួន នៃអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានឱ្យដឹងថា បញ្ហានេះត្រូវបានលើកយកមកពិភាក្សាជាមួយអាជ្ញាធរកាតា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងដូហាថ្មីៗនេះ ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីរ៉ង់ លោក Eskandar Momeni ហើយបញ្ហានេះកំពុងត្រូវបានតាមដានដោះស្រាយតាមរយៈបណ្តាញផ្សេងៗជាច្រើន។

លោកបានបញ្ជាក់ថា អ៊ីរ៉ង់​ មានបំណងបញ្ជូនក្រុមអ្នកជំនាញមួយក្រុមទៀតទៅកាន់ប្រទេសកាតា ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម និងតាមដានករណីនេះ ដោយបន្ថែមថា «ក្រុមដំបូងដែលបានបញ្ជូនទៅកាតា បានរកឃើញការពិតមួយចំនួនក្នុងអំឡុងពេលវាយតម្លៃរបស់ពួកគេ ប៉ុន្តែសេចក្តីថ្លែងការណ៍ និងការអះអាងរបស់មន្ត្រីកាតា គឺមិនអាចផ្តល់ទំនុកចិត្ត ឬធ្វើឱ្យជឿជាក់បានឡើយ យ៉ាងហោចណាស់ក៏ចំពោះសមាជិកនៃក្រុមអ្នកជំនាញនោះដែរ»។

លោក Bagherzadeh បានលេីកឡេីងថា មន្ត្រីនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) កំពុងតាមដានករណីនេះ តាមរយៈការិយាល័យរបស់អង្គការនេះនៅក្នុងប្រទេសកាតា និងនៅទីក្រុងហ្សឺណែវ។

លោកបានបន្ថែមថា «យើងបានបញ្ជូនព័ត៌មាន និងលទ្ធផលរកឃើញរបស់អ្នកជំនាញរបស់យើង ទៅកាន់ភាគីកាតារួចហើយ»។

មេបញ្ជាការរូបនេះបានលើកឡើងថា កាលពីខែសីហា កងកម្លាំងកាតាបានចាប់ខ្លួនអ្នកបើកយន្តហោះអ៊ីរ៉ង់ចំនួន ៣ នាក់ បន្ទាប់ពីយន្តហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់ទម្លាក់កាលពីខែមីនា ខណៈកំពុងធ្វើដំណើរត្រឡប់មកវិញពីបេសកកម្មយោធាមួយប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសកាតា។ លោកបានបន្ថែមថា អ្នកបើកយន្តហោះទី ៤ ម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top