Feature

កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប​ បង្ហាញពីភាពតានតឹងជុំវិញបញ្ហាកង្វះកវិកា ខណៈប្លុកនេះ​ ដាក់ចេញនូវវិធានការជួយសម្រាលបន្ទុកថ្លៃថាមពល

ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប បានបញ្ចប់កិច្ចប្រជុំកំពូលរយៈពេល ២ ថ្ងៃនៅទីក្រុងព្រុចសែលកាលពីថ្ងៃសុក្រ ដោយនៅតែមានការខ្វែងគំនិតគ្នាលើកញ្ចប់ថវិការយៈពេលវែងបន្ទាប់របស់សហភាពនេះ ខណៈពេលដែលបានដាក់ចេញនូវវិធានការនានាដើម្បីជួយសម្រាលបន្ទុកថ្លៃថាមពលដែលកំពុងកើនឡើងខ្ពស់។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានព្រមានថា ក្របខ័ណ្ឌចរចាចុងក្រោយសម្រាប់ថវិកាសហភាពអឺរ៉ុបឆ្នាំ ២០២៨-២០៣៤ នឹងកាត់បន្ថយភាពបត់បែនក្នុងការចំណាយចំនួន ៥០ ភាគរយ បើធៀបនឹងថវិកាបច្ចុប្បន្ន ដែលធ្វើឱ្យមូលនិធិចំនួន ៩៩,៥ ភាគរយ ត្រូវបានកំណត់គោលដៅចំណាយទុកជាមុនរួចជាស្រេច។

យ៉ាងណាមិញ​ កិច្ចប្រជុំកំពូលសហភាពអឺរ៉ុប រយៈពេលពីរថ្ងៃ បានបញ្ចប់ទៅនៅទីក្រុងព្រុចសែល​ កាលពីថ្ងៃសុក្រ ដោយមិនមានវឌ្ឍនភាពសំខាន់ណាមួយលើបញ្ហាងច្បាប់ថវិការយៈពេលវែងរបស់សហភាពនេះឡើយ។ ការកើនឡើងនៃកាតព្វកិច្ចផ្នែកសន្តិសុខ និងតម្លៃថាមពលដែលហក់ឡើងខ្ពស់ បានបង្ហាញឱ្យឃើញពីគម្លាតកាន់តែធំរវាងមហិច្ឆតារបស់អឺរ៉ុប និងសមត្ថភាពជាក់ស្តែងក្នុងការអនុវត្តមហិច្ឆតាទាំងនោះ។

នៅពីក្រោយវឌ្ឍនភាពដ៏មានកម្រិតនៃកិច្ចប្រជុំកំពូលនេះ គឺបញ្ហាប្រឈមបន្ទាន់ចំនួនបី៖ ថវិកាដែលពិបាកនឹងឈានដល់ការព្រមព្រៀងគ្នា, បន្ទុកចំណាយផ្នែកសន្តិសុខ​ ដែលកំពុងកើនឡើង និងកាន់តែស្មុគស្មាញដោយសារភាពតានតឹងជាមួយទីក្រុងវ៉ាស៊ីនតោន, និងវិបត្តិថាមពល​ ដែលកំពុងសាកល្បងភាពធន់នៃសេដ្ឋកិច្ចអឺរ៉ុប។

នៅក្នុងការចរចាថវិកាដ៏លំបាក​ គណៈកម្មការអឺរ៉ុប​ បានស្នើថវិកាជិត ២ ពាន់ពាន់លានអឺរ៉ូ (ស្មើនឹង ២,២៤ ទ្រីលានដុល្លារអាមេរិក) សម្រាប់រយៈពេលពីឆ្នាំ ២០២៨ ដល់ឆ្នាំ​ ២០៣៤ ដោយមានគោលបំណងបង្កើនការវិនិយោគលើភាពអាចប្រកួតប្រជែង ការការពារជាតិ និងបច្ចេកវិទ្យា។

សំណើសម្របសម្រួលចុងក្រោយដែលលើកឡើងដោយភាគីអៀរឡង់ (ក្នុងនាមជាប្រធានប្តូរវេន) នឹងកាត់បន្ថយទំហំថវិកាដែលគណៈកម្មការអឺរ៉ុបបានស្នើឡើងប្រហែល ១៤១ ពាន់លានអឺរ៉ូ (១៥៨ ពាន់លានដុល្លារ)។ ទោះជាយ៉ាងណាក៏ដោយ ផែនការដែលបានកែសម្រួលនេះបានជួបប្រទះនឹងការជំទាស់ពីក្រុមផ្សេងៗដែលមានទស្សនៈផ្ទុយគ្នា។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានព្រមានថា សំណើសម្របសម្រួលនេះនឹងកាត់បន្ថយភាពបត់បែនក្នុងការប្រើប្រាស់ថវិកាពាក់កណ្តាល ដែលធ្វើឱ្យថវិកាដល់ទៅ ៩៩,៥ ភាគរយ ត្រូវបានកំណត់គោលដៅប្រើប្រាស់រួចជាស្រេច៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top