លោក Trump សម្រេចលើកលែងទណ្ឌកម្មថ្មីលើរុស្ស៊ី ស្របពេលទំនាក់ទំនងរវាងអាមេរិក និងអ៊ុយក្រែនធ្លាក់ចុះដុនដាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ទី១៦ ខែតុលា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីលើកលែងទណ្ឌកម្ម និងពន្ធគយទ្រង់ទ្រាយធំដែលកំណត់គោលដៅលើប្រាក់ចំណូលថាមពលរបស់រុស្ស៊ី ដែលជាសញ្ញាឆ្លុះបញ្ចាំងពីការធ្លាក់ចុះដល់កម្រិតទាបថ្មីមួយទៀតនៃទំនាក់ទំនងរវាងរដ្ឋធានីវ៉ាស៊ីនតោន និងអ៊ុយក្រែន នេបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ចំណាត់ការនេះបានកើតឡើងស្របពេលដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវយ៉ាងទទូចដល់មេដឹកនាំសហភាពអឺរ៉ុប (EU) ឱ្យបន្តជួយផ្តល់ហិរញ្ញប្បទានដល់ការតស៊ូរបស់ទីក្រុងកៀវប្រមាណជិត ៨០ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ឆ្នាំក្រោយ ដោយលោកបានសង្កត់ធ្ងន់ថា លោកកំពុងក្រោកឈរការពារប្រទេសជាតិរបស់ខ្លួន ចំពេលដែលការគាំទ្រពីលោក Trump កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
ទោះជាយ៉ាងណា ការសម្រេចចិត្តត្រឡប់ក្រោយរបស់លោក Trump ធ្វើឡើងបន្ទាប់ពីរូបលោកបានឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Putin ក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរនឹងការដែលរដ្ឋាភិបាលទីក្រុងមូស្គូបញ្ចេញប្រេងម៉ាស៊ូតក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ចូលទៅក្នុងទីផ្សារពិភពលោក។ វិបត្តិសង្គ្រាមរបស់លោក Trump នៅប្រទេសអ៊ីរ៉ង់ បានបង្កឱ្យមានការខ្វះខាតប្រេង និងការហក់ឡើងថ្លៃយ៉ាងគំហុក ដែលកំពុងក្លាយជាឧបសគ្គនយោបាយដ៏ធំមួយសម្រាប់គណបក្សសាធារណរដ្ឋ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែក្រោយ។
នៅពេលអ្នកសារព័ត៌មាននៅទីក្រុងព្រុចសែលសួរថាតើលោកកំពុងក្លាយជា «ចៀមបូជា» សម្រាប់វិបត្តិផ្ទៃក្នុងរបស់លោក Trump មុនការបោះឆ្នោតដែរឬទេ លោក Zelensky គ្រាន់តែញញឹម ហើយបន្ទាប់ពីនៅស្ងៀមមួយសន្ទុះ លោកបានឆ្លើយតបថា៖ «នេះហើយជាចម្លើយរបស់ខ្ញុំ»។
នៅក្នុងសញ្ញាមួយផ្សេងទៀតដែលបង្ហាញពីភាពប្រេះឆាកាន់តែខ្លាំង លោក Trump បានចាត់ទុកសកម្មភាពរបស់ទីក្រុងកៀវថាជា «រឿងគួរឱ្យអាម៉ាស់» បន្ទាប់ពីលោក Zelensky បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនបើកការវាយប្រហារឡើងវិញលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី។ លោក Zelensky បានឆ្លើយតបវិញក្រោយកិច្ចពិភាក្សាជាមួយមេដឹកនាំ EU ថា៖ «ខ្ញុំការពារតែផលប្រយោជន៍របស់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនតែប៉ុណ្ណោះ»។
ការប្រេះឆារវាងមេដឹកនាំទាំងពីរបានបង្កឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងថាលោក Trump កំពុងលម្អៀងទៅខាងរុស្ស៊ី។ ក្តីបារម្ភទាំងនេះកាន់តែរាលដាលខ្លាំងឡើងបន្ទាប់ពីមានការរអាក់រអួលលើប្រព័ន្ធផ្កាយរណបដ៏សំខាន់ដែលផ្តល់ដោយសហរដ្ឋអាមេរិក ដែលបានរារាំងសមត្ថភាពរបស់អ៊ុយក្រែនក្នុងការទប់ទល់នឹងការទម្លាក់គ្រាប់បែកយ៉ាងសន្ធោសន្ធៅរបស់រុស្ស៊ី។ អ៊ុយក្រែនបានពឹងផ្អែកលើបច្ចេកវិទ្យារបស់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk សម្រាប់ទំនាក់ទំនងនៅលើសមរភូមិ ប៉ុន្តែមហាសេដ្ឋីរូបនេះបានអះអាងថាក្រុមហ៊ុនរបស់លោកមិនពាក់ព័ន្ធនឹងបញ្ហារអាក់រអួលនោះទេ ខណៈដែលមន្ត្រីអាមេរិកក៏បានបដិសេធថាគ្មានការជ្រៀតជ្រែកពីលោក Trump ឡើយ។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានលើកឡើងថា៖ «នេះមិនមែនជាពេលវេលាត្រូវដកការគាំទ្រពីអ៊ុយក្រែននោះទេ ហើយក៏មិនមែនជាពេលវេលាត្រូវបន្ធូរបន្ថយទណ្ឌកម្មលើរុស្ស៊ីដែរ។ ពេលនេះគឺជាពេលវេលាដែលត្រូវបង្កើនការគាំទ្រ និងបង្កើនសម្ពាធ»។ ចំណែកនាយករដ្ឋមន្ត្រីហូឡង់ លោក Rob Jetten ក៏បានថ្លែងថា ស្ថានភាពនៅអ៊ុយក្រែនពេលនេះពិតជាធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារការវាយប្រហាររបស់រុស្ស៊ី និងភាពតានតឹងរវាងអ៊ុយក្រែន និងអាមេរិក ដូច្នេះអឺរ៉ុបត្រូវតែបង្ហាញការគាំទ្រឥតលក្ខខណ្ឌ។
លោក Zelensky បានស្នើឱ្យប្លុកអឺរ៉ុបផ្តល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot បន្ថែមទៀត និងរៀបចំកញ្ចប់ជំនួយ ៧០ ពាន់លានអឺរ៉ូ (ប្រមាណ ៧៩ ពាន់លានដុល្លារ) សម្រាប់ឆ្នាំក្រោយ ខណៈដែលអ៊ុយក្រែនកំពុងប្រញាប់ប្រញាល់ពង្រឹងការការពារមុនរដូវរងាឈានមកដល់ ដែលសីតុណ្ហភាពអាចធ្លាក់ចុះដល់ -២០ អង្សាសេ ស្របពេលដែលការវាយប្រហាររបស់រុស្ស៊ីបានគំរាមកំហែងដល់ប្រព័ន្ធថាមពល និងទឹកស្អាត។ ជាក់ស្តែង ការវាយប្រហារថ្មីៗរបស់រុស្ស៊ីលើទីក្រុង Kherson និង Zaporizhia បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៧ នាក់ រួមទាំងក្មេងស្រីអាយុ ១១ ឆ្នាំម្នាក់ផងដែរ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថាសំណើ ៧០ ពាន់លានអឺរ៉ូរបស់លោក Zelensky «ត្រូវតែស្វែងរកវិធីបំពេញឱ្យបាន» ខណៈប្រធានាធិបតីបារាំង លោក Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបញ្ជាក់ថានឹងពិភាក្សាលើរឿងនេះមុនដំណាច់ឆ្នាំ។
ទន្ទឹមនឹងនេះ ការពិភាក្សាអំពីជំនួយថ្មីក៏បានជំរុញឱ្យមានការអំពាវនាវជាថ្មី ក្នុងការយកទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីប្រមាណ ២០០ ពាន់លានអឺរ៉ូដែលត្រូវបានបង្កក មកជួយដល់អ៊ុយក្រែន ដូចដែលនាយករដ្ឋមន្ត្រីឡាតវី លោក Andris Kulbergs បានលើកឡើង។ យ៉ាងណាក្តី ដំណើរការនេះនៅមិនទាន់មានការវិវត្តទៅមុខនៅឡើយទេ ដោយសារប្រទេសបែលហ្ស៊ិក ដែលជាកន្លែងរក្សាទុកមូលនិធិភាគច្រើន នៅតែបន្តជំទាស់។
