វិស័យលក់រាយរបស់បារាំង រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ, អាជីវកម្មជាង ៣.០០០ កន្លែងត្រូវបានគេលួចប្លន់ ឬបំផ្លិចបំផ្លាញ ចំពេលមានរលកនៃភាពមិនស្ថិតស្ថេរ
បរទេស៖ ការតវ៉ានានាបានធ្វើឱ្យវិស័យលក់រាយរបស់បារាំងខាតបង់ទឹកប្រាក់រាប់ពាន់លានអឺរ៉ូ ដោយហាងរាប់ពាន់កន្លែងត្រូវបានគេលួចប្លន់ ហើយហាងដែលនៅសល់ក៏ដំណើរការបានក្នុងកម្រិតកំណត់ប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ថា នៅពេលដែលក្រុមអ្នកតវ៉ានៅបារាំងបាននាំគ្នាដើរតាមដងផ្លូវ ដើម្បីប្រឆាំងនឹងវិបត្តិបំណុលសាធារណៈ សភាពទ្រុឌទ្រោមនៃសាលារៀន និងភាពជាប់គាំងផ្នែកនយោបាយ អាជីវករលក់រាយទាំងឡាយបានក្លាយជាជនរងគ្រោះនៅក្នុងរលកនៃភាពចលាចលនេះ។
យោងតាមលោក Serge Papin រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបារាំង បានឱ្យដឹងថា អាជីវកម្មជាង ៣.០០០ កន្លែងត្រូវបានគេលួចប្លន់ ឬបំផ្លិចបំផ្លាញកាលពីចុងសប្តាហ៍មុន រួមទាំងហាងនានានៅក្នុងតំបន់ Les Halles នៃទីក្រុងប៉ារីស ដូចជាហាង Hermès, The North Face និង Louis Vuitton ជាដើម។
តំណាងសហព័ន្ធអាជីវកម្មផ្នែកម៉ូដ បានលើកឡើងថា៖ «សូម្បីតែនៅលើផ្លូវ Saint-Honoré កាលពីថ្ងៃអាទិត្យ (ទី១៨ ខែតុលា) ដែលស្ថិតនៅជាប់នឹងក្រសួងយុត្តិធម៌នោះ ហាង Dior, Goyard និង Saint Laurent ក៏ត្រូវបានគេលួចប្លន់ដែរ។ នេះជារឿងដែលមិនគួរឱ្យជឿសោះ»។
បុគ្គលមួយចំនួនបានវាយប្រហារលើហាងលក់រាយនានា ដោយលួចយកទំនិញ រួចយកទៅលក់បន្តតាមដងផ្លូវ ឬតាមអនឡាញ នូវផលិតផលគ្រឿងសម្អាង និងកាបូបយួរដៃជាច្រើន។ អង្គការ Morningstar DBRS បានប៉ាន់ប្រមាណថា ការខាតបង់ដែលបណ្តាលមកពីការបាត់បង់ទំនិញ និងការខូចខាតដល់ហាងដែលមានការធានារ៉ាប់រង អាចមានចំនួនរហូតដល់ ១,២ ពាន់លានអឺរ៉ូ (១,៣ ពាន់លានដុល្លារអាមេរិក) ដោយសន្មតថា នឹងមិនមានអំពើហិង្សាបន្ថែមទៀតកើតឡើងនោះទេ។
ប្រែសម្រួលៈ តុលា
