បរទេស៖ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦ ប្រជាពលរដ្ឋថៃជាង ២០០ នាក់នៅក្នុងស្រុកម៉ែសូត បានប្រមូលផ្តុំគ្នាដើម្បីទាមទារឱ្យរដ្ឋាភិបាលថៃ ផ្តល់ការការពារពួកគេ បន្ទាប់ពីមានគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង ដែលហោះមកពីការប្រយុទ្ធគ្នានៅម្ខាងទៀតនៃព្រំដែនមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភូមិរបស់ពួកគេក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដែលបណ្តាលឱ្យខូចខាតផ្ទះសម្បែង និងបង្ករបួសស្នាមដល់ប្រជាពលរដ្ឋថៃ។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ថា ការប្រមូលផ្តុំនេះបានធ្វើឡើងនៅសាលារៀន Ban Mae Kon Ken ស្រុកម៉ែសូត ខេត្តតាក (Tak) នៅវេលាម៉ោងប្រហែល ១០:០០ ព្រឹក។ ប្រជាពលរដ្ឋមកពីតំបន់ Mae Kon Ken និងសហគមន៍ក្បែរនោះតាមបណ្តោយព្រំដែនថៃ-មីយ៉ាន់ម៉ា បានជួបជុំគ្នាដើម្បីអំពាវនាវឱ្យមានវិធានការបន្ទាន់មួយ ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ពួកគេពីផលប៉ះពាល់នៃការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា។
តំណាងសហគមន៍មួយចំនួនបានឡើងថ្លែងទៅកាន់ហ្វូងមនុស្សពីលើវេទិកាជាបណ្តោះអាសន្នមួយ អស់រយៈពេលជាងមួយម៉ោង។ ប្រជាពលរដ្ឋក៏បានកាន់បដាដែលបង្ហាញពីផលប៉ះពាល់ដែលបង្កឡើងដោយគ្រាប់កាំភ្លើង និងគ្រាប់ផ្លោង ដែលគេរាយការណ៍ថាបានបាញ់មកពីម្ខាងទៀតនៃព្រំដែន។
ក្រុមនេះបានដាក់ញត្តិជាលាយលក្ខណ៍អក្សរជូនអភិបាលស្រុកម៉ែសូត ព្រមទាំងតំណាងកងកម្លាំងប្រតិបត្តិការ Rajamanu សមាជិកសភាក្នុងតំបន់ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។ ញត្តិនេះនឹងត្រូវបញ្ជូនបន្តតាមរយៈរដ្ឋបាលខេត្ត ទៅកាន់រដ្ឋាភិបាល។
ប្រែសម្រួលៈ តុលា
