ព័ត៌មានអន្តរជាតិ

វិក្កយបត្រប្រេងរបស់អឺរ៉ុប៖ សហភាពអឺរ៉ុប (EU) ចំណាយ ១០ពាន់លានអឺរ៉ូបន្ថែមក្នុងមួយខែ បើធៀបនឹងឆ្នាំ២០២៥

​បរទេស៖ យោងតាមទិន្នន័យថ្មីៗ បានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើការនាំចូលប្រេងក្នុងឆ្នាំនេះ បន្ទាប់ពីមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ខណៈដែលអ្នកប្រើប្រាស់កំពុងប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងសាំង និងម៉ាស៊ូតនៅតាមស្ថានីយ វិក្កយបត្រនាំចូលរបស់សហភាពអឺរ៉ុបក៏បានបង្ហាញពីការកើនឡើងយ៉ាងគំហុកនៃការចំណាយនេះផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ ​ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ សហភាពអឺរ៉ុបបានចំណាយជាមធ្យម ២៧,៦ ពាន់លានអឺរ៉ូក្នុងមួយខែ លើការនាំចូលប្រេង ដែលកើនឡើង ៥៥,៨% ពីចំនួន ១៧,៧ ពាន់លានអឺរ៉ូក្នុងមួយខែ ក្នុងឆ្នាំ២០២៥។ នេះមានន័យថា EU ត្រូវបង់ប្រាក់បន្ថែមប្រហែល ៩,៩ ពាន់លានអឺរ៉ូ (ជិត ១០ពាន់លានអឺរ៉ូ)…

​បរទេស៖ យោងតាមទិន្នន័យថ្មីៗ បានបង្ហាញថា បណ្តាប្រទេសនៅអឺរ៉ុបកំពុងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់លើការនាំចូលប្រេងក្នុងឆ្នាំនេះ បន្ទាប់ពីមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកាលពីខែកុម្ភៈ ឆ្នាំ២០២៦។ ខណៈដែលអ្នកប្រើប្រាស់កំពុងប្រឈមមុខនឹងការកើនឡើងតម្លៃប្រេងសាំង និងម៉ាស៊ូតនៅតាមស្ថានីយ វិក្កយបត្រនាំចូលរបស់សហភាពអឺរ៉ុបក៏បានបង្ហាញពីការកើនឡើងយ៉ាងគំហុកនៃការចំណាយនេះផងដែរ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។
​
នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦ សហភាពអឺរ៉ុបបានចំណាយជាមធ្យម ២៧,៦ ពាន់លានអឺរ៉ូក្នុងមួយខែ លើការនាំចូលប្រេង ដែលកើនឡើង ៥៥,៨% ពីចំនួន ១៧,៧ ពាន់លានអឺរ៉ូក្នុងមួយខែ ក្នុងឆ្នាំ២០២៥។ នេះមានន័យថា EU ត្រូវបង់ប្រាក់បន្ថែមប្រហែល ៩,៩ ពាន់លានអឺរ៉ូ (ជិត ១០ពាន់លានអឺរ៉ូ) ជារៀងរាល់ខែ។
បរិមាណនៃការនាំចូលប្រេងសឹងតែមិនមានការប្រែប្រួលឡើយ ពោលគឺកើនឡើងត្រឹមតែ ១,២% ប៉ុណ្ណោះ (ពី ៣៦,៣ លានតោន ទៅ ៣៦,៧ លានតោនក្នុងមួយខែ)។ ប៉ុន្តែ តម្លៃក្នុងមួយតោនបានកើនឡើងពី ៤៨៧ អឺរ៉ូ ដល់ ៧៥០ អឺរ៉ូ ដែលជាតម្លៃស្ទើរតែស្មើនឹងចំណុចខ្ពស់បំផុតកាលពីឆ្នាំ២០២២។
​
លោកសាស្ត្រាចារ្យ Xiaoyi Mu មកពីសាកលវិទ្យាល័យ Dundee និងអ្នកជំនាញផ្សេងទៀតបានបញ្ជាក់ថា ការកើនឡើងតម្លៃនេះគឺដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលបានរំខានដល់ការផលិត និងការផ្គត់ផ្គង់ប្រេង ជាពិសេសការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។ ច្រកនេះធ្លាប់បានសម្រួលដល់ការនាំចេញប្រហែល ២០លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង ២០% នៃការប្រើប្រាស់ប្រចាំថ្ងៃទូទាំងពិភពលោក។

ការរំខានខ្សែចង្វាក់ផ្គត់ផ្គង់ទាំងនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ EU ដោយសារតែប្លុកនេះពឹងផ្អែកលើការនាំចូលប្រេងពីក្រៅចន្លោះពី ៩០% ទៅ ៩៥% (កាលពីឆ្នាំ២០២៤ ស្ថិតក្នុងកម្រិត ៩៦,៦%)។

ក្រៅពីបញ្ហាផ្គត់ផ្គង់ តម្រូវការដ៏រឹងមាំជាសកលក៏ដើរតួនាទីយ៉ាងសំខាន់ផងដែរ ដោយអឺរ៉ុបត្រូវប្រកួតប្រជែងទិញប្រេងជាមួយនឹងអ្នកទិញធំៗនៅអាស៊ី ពិសេសគឺប្រទេសចិន។

​ប្រេងគឺជាកត្តាចម្បងដែលជំរុញឱ្យវិក្កយបត្រនាំចូលថាមពលសរុបរបស់ EU ក្នុងត្រីមាសទី២ ឆ្នាំ២០២៦ កើនឡើងដល់ ១១៥,៦ ពាន់លានអឺរ៉ូ (ធៀបនឹង ៨១,៤ ពាន់លានអឺរ៉ូ ក្នុងឆ្នាំ២០២៥)។ ក្នុងកំណើន ៣៤,២ ពាន់លានអឺរ៉ូនេះ ប្រេងបានស្រូបយកការចំណាយដល់ទៅ ៩៥% (៣២,៤ ពាន់លានអឺរ៉ូ) ស្របពេលដែលការនាំចូលឧស្ម័ន និងធ្យូងថ្មកើនឡើងតិចតួច។

អ្នកបើកបរនៅអឺរ៉ុបកំពុងរងបន្ទុកនេះដោយផ្ទាល់។ តម្លៃម៉ាស៊ូតជាមធ្យមបានកើនឡើងពី ១,៥៤ អឺរ៉ូ/លីត្រ ក្នុងខែមករា ឆ្នាំ២០២៦ ដល់ ២,២៤ អឺរ៉ូ/លីត្រ នៅចុងខែកញ្ញា (បច្ចុប្បន្ននៅត្រឹម ២,១៤ អឺរ៉ូ/លីត្រ ដែលនៅតែកើនឡើង ៣៨% ពីដើមឆ្នាំ)។ ចំណែកឯប្រេងសាំងវិញបានកើនឡើងពី ១,៦០ អឺរ៉ូ ដល់ ២,១០ អឺរ៉ូ។ ដូច្នេះ ការចាក់ម៉ាស៊ូតពេញធុង ៥០លីត្រ នាពេលបច្ចុប្បន្ន ត្រូវចំណាយអស់ ១០៧ អឺរ៉ូ ដែលកើនឡើងពី ៧៧ អឺរ៉ូ កាលពីខែមករាដើមឆ្នាំ។

ប្រែសម្រួល៖ គីរី

To Top