ទីក្រុងព្រុចសែល ស្នើបង្កើនបុគ្គលិក Frontex ៣ដង ដើម្បីទប់ស្កាត់លំហូរ ជនចំណាកស្រុកខុសច្បាប់
បរទេស៖ គណៈកម្មការអឺរ៉ុប (European Commission) មានបំណងបង្កើនចំនួនបុគ្គលិករបស់ទីភ្នាក់ងារ Frontex ដល់ទៅបីដង និងផ្តល់អំណាចថ្មីយ៉ាង ទូលំទូលាយដល់ទីភ្នាក់ងារនេះ ដើម្បីបណ្តេញជនចំណាកស្រុកចេញ ពីព្រំដែនសហភាពអឺរ៉ុប (EU) និង តាមដានបណ្តាញសង្គម។ ទោះជាយ៉ាងណា ផែនការនេះបានបង្កឱ្យមានការ ព្រមានអំពីការរំលោភសិទ្ធិជាមូលដ្ឋាន និងការឃ្លាំមើលហួសហេតុ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី២៩ខែតុលា ឆ្នាំ២០២៦ ។

ទីភ្នាក់ងារគ្រប់គ្រងព្រំដែន និង ឆ្មាំសមុទ្ររបស់ EU ដែលមានឈ្មោះថា Frontex គ្រោងនឹងទទួលបានអំណាច ដែលមិនធ្លាប់មានពីមុនមក ក្រោមសំណើកែទម្រង់ដ៏ធំមួយរបស់គណៈកម្មការអឺរ៉ុប។ ការកែទម្រង់នេះនឹងពង្រីកអាណត្តិរបស់ Frontex យ៉ាងខ្លាំង ដោយបង្កើនកម្លាំងពលកម្មបីដង និងផ្តល់តួនាទីធំជាងមុនក្នុងការបណ្តេញជនចំណាកស្រុកដែលនៅក្រៅទឹកដី EU។
ទីក្រុងព្រុចសែលបញ្ជាក់ថា ការផ្លាស់ប្តូរនេះគឺជារឿងចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមថ្មីៗផ្នែកចំណាកស្រុក រួមទាំងការឆ្លងកាត់ព្រំដែនដោយមានការចាត់តាំង ដូចជាករណីមនុស្សប្រមាណ ៨០.០០០នាក់ បានសម្រុកចូលទៅកាន់តំបន់ Ceuta របស់អេស្ប៉ាញ កាលពីខែកក្កដាកន្លងទៅ។ ប៉ុន្តែ សំណើនេះបានរងការរិះគន់ រួចទៅហើយ ដោយក្រុមអ្នករិះគន់ព្រមានថា ការពង្រីកអំណាច និងថវិការបស់ទីភ្នាក់ងារនេះ អាចនាំឱ្យមានការរំលោភសិទ្ធិមនុស្ស និងការឃ្លាំមើលដែលបំពានសិទ្ធិឯកជន។
ខាងក្រោមនេះគឺជាចំណុចសំខាន់ៗនៃការកែទម្រង់ ដែលនៅរង់ចាំការអនុម័តពីរដ្ឋសមាជិក EU និងសភាអឺរ៉ុប៖ ការផ្តោតសំខាន់ថ្មីលើ “ការបណ្តេញចេញ” (Deportations)
ការផ្លាស់ប្តូរដ៏សំខាន់បំផុតមួយ គឺការបង្វែរទិសដៅរបស់ Frontex ពីការគ្រាន់តែគ្រប់គ្រងព្រំដែនខាងក្រៅរបស់ EU ទៅជាការផ្តោតលើការបណ្តេញជនចំណាកស្រុកខុសច្បាប់។ លោក Magnus Brunner ស្នងការអឺរ៉ុបទទួលបន្ទុកកិច្ចការចំណាកស្រុក បានថ្លែងថា ទីភ្នាក់ងារនេះនឹងក្លាយជា “តួអង្គកណ្តាលរបស់ EU លើការបញ្ជូនត្រឡប់” ដោយផ្តល់ “ការគាំទ្រពីចំណុច A ដល់ចំណុច Z”។
ទោះបីជាការទទួលខុសត្រូវលើការបញ្ជូនជនចំណាកស្រុកខុសច្បាប់ត្រឡប់ទៅប្រទេសដើមវិញ នៅតែជាតួនាទីរបស់ប្រទេសជាសមាជិកនីមួយៗក៏ដោយ ប៉ុន្តែ Frontex នឹងជួយក្នុងការកំណត់អត្តសញ្ញាណបុគ្គលដែលត្រូវបញ្ជូនត្រឡប់ រៀបចំជើងហោះហើរ និងផ្តល់ជំនួយក្នុងការធ្វើសមាហរណកម្ម តាមរយៈ “មជ្ឈមណ្ឌលសម្របសម្រួលការបញ្ជូនត្រឡប់” (Return Coordination Centre) ថ្មីមួយ។
ចំណុចសំខាន់បំផុតនោះគឺ ទីភ្នាក់ងារនេះនឹងអាចប្រតិបត្តិ
ការពីប្រទេសមិនមែនសមាជិក EU មួយ ទៅកាន់ប្រទេសមួយទៀត ដែលអនុញ្ញាតឱ្យមន្ត្រី Frontex ជួយបណ្តេញជនចំណាកស្រុកចេញ មុនពេលពួកគេមកដល់អឺរ៉ុបទៅទៀត។
អង្គការសង្គមស៊ីវិលបានអះអាងថា ប្រព័ន្ធនេះនឹងមានភាពស្រពិចស្រពិល និងពិបាកក្នុងការត្រួតពិនិត្យ។ លោកស្រី Cecilia Strada សមាជិកសភាអឺរ៉ុបមកពីគណបក្សសង្គមនិយមអ៊ីតាលី បានប្រៀបធៀប Frontex ទៅនឹងទីភ្នាក់ងារ ICE ដ៏ចម្រូងចម្រាសរបស់សហរដ្ឋអាមេរិក (ទទួលបន្ទុកចាប់ និងបណ្តេញជនចំណាកស្រុកខុសច្បាប់) ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយលោកស្រីហៅទង្វើនេះថាជា “រឿងគួរឱ្យអាម៉ាស់”។
អំណាចថ្មីក្នុងការតាមដានបណ្តាញសង្គម Frontex ក៏នឹងត្រូវបានចាត់តាំងឱ្យតាមដានបណ្តាញសង្គម ដើម្បីស្វែងរកការផ្សព្វផ្សាយពាណិជ្ជកម្មរបស់អ្នករត់ពន្ធមនុស្ស និងព្យាករណ៍ពីការហូរចូលទ្រង់ទ្រាយធំនៅតាមព្រំដែន EU។ មន្ត្រី EU ម្នាក់បានទទួលស្គាល់ថា សំណើនេះគឺដើម្បីឆ្លើយតបទៅនឹងវិបត្តិនៅតំបន់ Ceuta កាលពីខែកក្កដា។
”មជ្ឈមណ្ឌលឃ្លាំមើល និងឆ្លើយតបតាមប្រព័ន្ធអនឡាញ” (Online Monitoring and Response Centre) នឹងត្រូវបានបង្កើតឡើង ដោយអនុញ្ញាតឱ្យ Frontex កំណត់អត្តសញ្ញាណខ្លឹមសារខុសច្បាប់ រាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញសង្គម និងស្នើសុំអាជ្ញាធរមានសមត្ថកិច្ចឱ្យលុបចោល។ ទោះយ៉ាងណា អ្នករិះគន់ព្រមានថា អំណាចថ្មីនេះអាចក្លាយជាការឃ្លាំមើលតាមអនឡាញយ៉ាងជ្រៅ ដែលគំរាមកំហែងដល់ឯកជនភាព និងសេរីភាពនៃការបញ្ចេញមតិ។
សូម្បីតែសមាជិកសភាអឺរ៉ុប មកពីក្រុមស្តាំនិយម ដែលតែងតែគាំទ្រការរឹតបន្តឹងព្រំដែន ក៏បានសម្តែងក្តីបារម្ភ ចំពោះការប្រើប្រាស់អំណាចនេះដើម្បីតាមដានមតិរបស់ប្រជាពលរដ្ឋផងដែរ។
កម្លាំងប្រតិកម្មរហ័ស (A rapid reaction force)
ការកែទម្រង់នេះនឹងបង្កើត “កម្លាំងប្រតិកម្មរហ័ស ” ដែលអាចពង្រាយក្នុងរយៈពេលខ្លីទៅកាន់ព្រំដែន ខាងក្រៅរបស់ប្រទេសជាសមាជិក EU ក្នុងករណីមានអាសន្ន។ ការសម្រេចចិត្តពង្រាយកម្លាំងនេះ អាចធ្វើឡើងដោយនាយកប្រតិបត្តិរបស់ Frontex ប៉ុន្តែលុះត្រាតែមានការស្នើសុំពីរដ្ឋសមាជិកពាក់ព័ន្ធប៉ុណ្ណោះ។
គណៈកម្មការអឺរ៉ុបចង់បង្កើនកម្លាំងពលកម្មរបស់ Frontex ឱ្យឡើងដល់ ៣០.០០០នាក់ នៅត្រឹមឆ្នាំ ២០៤១ ធៀបនឹងចំនួន ១០.០០០នាក់ នាពេលបច្ចុប្បន្ន។ កងកម្លាំងប្រចាំការផ្ទាល់របស់ទីភ្នាក់ងារនេះនឹងកើនឡើងទ្វេដងពី ៣.០០០ ទៅ ៦.០០០នាក់ រួមជាមួយនឹងមន្ត្រី ៧.០០០នាក់ ផ្សេងទៀតដែលបញ្ជូនមកពីកងកម្លាំងប៉ូលិសជាតិរបស់ប្រទេសសមាជិក EU។
លើសពីនេះ នឹងមានការបង្កើត “កងបម្រុងព្រំដែន និងការបញ្ជូនត្រឡប់អឺរ៉ុប” ចំនួន ១៧.០០០នាក់បន្ថែមទៀត ដែលនឹងរង់ចាំនៅប្រទេសកំណើតរបស់ពួកគេ ហើយត្រូវបានពង្រាយតែពេលចាំបាច់ប៉ុណ្ណោះ។
បច្ចុប្បន្ន Frontex ទទួលបានថវិកាជិត ៦ពាន់លានអឺរ៉ូ នៅក្នុងថវិកា EU ហើយគណៈកម្មការបានស្នើឱ្យបង្កើនថវិកានេះ ទ្វេដងនៅក្នុងវដ្តថវិកាឆ្នាំ ២០២៨-២០៣៤។ ជាមួយនឹងអាណត្តិថ្មី ទីភ្នាក់ងារនេះនឹងអាចទិញ ជួល ឬសហការជាម្ចាស់លើឧបករណ៍នានា ដូចជាដ្រូនសម្រាប់ឃ្លាំមើល និងឧបករណ៍បំពាក់បច្ចេកវិទ្យា AI ជាដើម។
ទោះបីជាមានការបង្កើនបុគ្គលិក និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ ក៏ចំនួន “មន្ត្រីសិទ្ធិជាមូលដ្ឋាន” (FROs) ដែលមានភារកិច្ចត្រួតពិនិត្យការគោរពសិទ្ធិជនចំណាកស្រុក មិនត្រូវបានបង្កើនឱ្យសមាមាត្រគ្នានោះទេ ដែលនេះជាក្តីបារម្ភយ៉ាងធំសម្រាប់អង្គការក្រៅរដ្ឋាភិបាល (NGOs) ដោយពួកគេចោទប្រកាន់ថា ការពង្រីកអំណាចនេះធ្វើឡើងដោយគ្មានយន្តការការពារសិទ្ធិមនុស្សឱ្យបានរឹងមាំនោះឡើយ៕
ប្រែសម្រួល៖ គីរី
