ព័ត៌មានអន្តរជាតិ

លោក​ គីម​ ជុងអ៊ុន៖​ «កម្លាំងគឺមានន័យស្មើនឹងសន្តិភាព ហើយសន្តិភាពអាចធានាបានលុះត្រាតែមានកម្លាំងតែប៉ុណ្ណោះ»

ព្យុងយ៉ាង៖​ មេដឹកនាំកំពូលកូរ៉េខាងជើងលោក​ គីម​ ជុងអ៊ុន​ បានលើកឡើងថា៖ «កម្លាំងគឺមានន័យស្មើនឹងសន្តិភាព ហើយសន្តិភាពអាចធានាបានលុះត្រាតែមានកម្លាំងតែប៉ុណ្ណោះ»។

ការលើកឡើងរបស់លោកធ្វើឡើងស្របពេលដែល​ ប្រទេសកូរ៉េខាងជើង​ បានធ្វើតេស្តបាញ់យន្តហោះដ្រូនវាយប្រហារ មីស៊ីល និងប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើនគ្រាប់ក្នុងពេលតែមួយ នៅក្នុងព្រឹត្តិការណ៍បង្ហាញអាវុធមួយ។ ក្នុងឱកាសនោះ មេដឹកនាំ លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាដ្រូន និងបញ្ញាសិប្បនិម្មិត (AI) សម្រាប់ប្រើប្រាស់ក្នុងវិស័យយោធា។

ព្រឹត្តិការណ៍នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងសេអ៊ូលបានលើកឡើងថា ទីក្រុងព្យុងយ៉ាង​ បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន «ប្រហែល ១២ គ្រាប់» ចូលទៅក្នុងសមុទ្រនៅឯឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់ច្បាស់នៅឡើយទេថា តើការបាញ់មីស៊ីលទាំងនោះមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បង្ហាញអាវុធនេះដែរឬយ៉ាងណា។

យោងតាមទីភ្នាក់ងារសារព័ត៌មាន KCNA នៅក្នុងព្រឹត្តិការណ៍នោះ លោក គីម ជុងអ៊ន​បានសង្កត់ធ្ងន់ថា «គោលដៅក្នុងការដណ្តើមយកឧត្តមភាពដាច់ខាតលើបច្ចេកវិទ្យាដ្រូន គឺជាជម្រើសដ៏ចាំបាច់មិនអាចខ្វះបាន ដោយពិចារណាលើទម្រង់នៃសង្គ្រាមសម័យទំនើបដែលតែងតែផ្លាស់ប្តូរជានិច្ច»។

នៅក្នុងព្រឹត្តិការណ៍បង្ហាញអាវុធនេះ មានការដាក់បង្ហាញដ្រូនសម្រាប់វាយប្រហារបែបអត្តឃាត ដ្រូនពហុមុខងារដែលអាចបាញ់មីស៊ីលពីអាកាសទៅកាន់គោលដៅលើដី មីស៊ីលប្រភេទ Cruise និងប្រព័ន្ធបាញ់រ៉ុក្កែតច្រើនគ្រាប់ទំហំ ៦០០ មីលីម៉ែត្រ។ ទីភ្នាក់ងារ KCNA បានរាយការណ៍ថា ដ្រូន និងមីស៊ីលប្រភេទនាំផ្លូវទាំងនោះ ទាំងនោះ បានវាយប្រហារចំគោលដៅនៅលើកោះមួយ ដោយមានភាពត្រឹមត្រូវ ១០០ ភាគរយ។

ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើតេស្តអាវុធជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដែលរួមមានប្រព័ន្ធមីស៊ីលតូរផេដូថ្មីដែលមានភាពត្រឹមត្រូវខ្ពស់ និងមីស៊ីលល្បឿនលឿនជាងសំឡេង រយៈចម្ងាយមធ្យម ដោយអាវុធទាំងពីរប្រភេទនេះត្រូវបានគេលើកឡើងថា មានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top