ព័ត៌មានអន្តរជាតិ

លោក ណេតាន់យ៉ាហ៊ូ បង្កើនសម្ពាធលើគណបក្សអារ៉ាប់ ដោយចោទប្រកាន់ថា មានការផ្តល់មូលនិធិពីបរទេស ក្នុងគោលបំណង លួចបន្លំការបោះឆ្នោត

យេរ៉ូសាឡឹម៖​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ និងគណបក្ស Likud របស់លោក បានព្យាយាមពង្រីកការអះអាង​ ដែលគ្មានភស្តុតាងមួយថា គណបក្សអារ៉ាប់នានា​ បានទទួលមូលនិធិពីបរទេសមុនពេលការបោះឆ្នោតជាតិ។ ទន្ទឹមនឹងនេះ ក្រុមគូប្រជែងរបស់លោក ណេតាន់យ៉ាហ៊ូ បានចោទប្រកាន់ថា លោកកំពុងព្យាយាមធ្វើឱ្យលទ្ធផលនៃការបោះឆ្នោតនេះ «បាត់បង់ភាពស្របច្បាប់»។

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ដែលកាន់តួនាទីជាលក្ខណៈពិធីការជាចម្បងនោះ បានអំពាវនាវឱ្យមានការស៊ើបអង្កេត លើការចោទប្រកាន់នានា ប៉ុន្តែលោកក៏បានព្រមាន កុំឱ្យមានការមាក់ងាយទៅលើសហគមន៍អារ៉ាប់-អ៊ីស្រាអែលទាំងមូល ដែលបានចេញទៅបោះឆ្នោតក្នុងអត្រាខ្ពស់មិនធ្លាប់មានពីមុនមក។

អ៊ីស្រាអែល​ កំពុងឈានជិត ដល់ដំណាក់កាលបញ្ចប់ការរាប់សន្លឹកឆ្នោតពីការបោះឆ្នោតកាលពីថ្ងៃអង្គារ ដែលជាការបោះឆ្នោតលើកដំបូង ចាប់តាំងពីក្រុមហាម៉ាស់​ បានបើកការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក។ គិតមកទល់ពេលនេះ ទាំងលោក ណេតាន់យ៉ាហ៊ូ និងក្រុមបក្សប្រឆាំងដែលដឹកនាំដោយអតីតមេបញ្ជាការយោធា លោក Gadi Eisenkot ហាក់ដូចជាមិនអាចទទួលបានសំឡេងភាគច្រើនដាច់ខាតនោះទេ។

ការចោទប្រកាន់ពីសំណាក់ក្រុមរបស់លោក ណេតាន់យ៉ាហ៊ូ ដែលត្រូវបានបដិសេធដោយបញ្ជីបេក្ខជនទាំងពីរ​ ដែលមានជនជាតិអារ៉ាប់ជាសំខាន់នោះ អាចនឹងបង្កឱ្យមានភាពមិនច្បាស់លាស់ថ្មីមួយ នៅក្នុងដំណើរការបោះឆ្នោត នៅចំពេលដែលតំបន់នេះកំពុងប្រឈម នឹងការគំរាមកំហែងនៃការវាយប្រហារថ្មីមួយពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ទៅលើប្រទេសអ៊ីរ៉ង់។

លោក Eisenkot បានលើកឡើងថា ការស៊ើបអង្កេតជាផ្លូវការលើការចោទប្រកាន់ទាំងនេះ គួរតែដំណើរការទៅតាមនីតិវិធី ដោយគ្មានការជ្រៀតជ្រែកឡើយ។ ទន្ទឹមនឹងនេះ លោកក៏បានចោទប្រកាន់លោក ណេតាន់យ៉ាហ៊ូ ថាព្យាយាមធ្វើឱ្យលទ្ធផល នៃការបោះឆ្នោតនេះ «បាត់បង់ភាពស្របច្បាប់» ផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top