អាល្លឺម៉ង់ និងអ៊ុយក្រែន សាកល្បងរ៉ូបូតប្រយុទ្ធលើដី និងគ្រោងនឹងដាក់ពង្រាយ នៅកាន់សមរភូមិជួរមុខ
គៀវ៖ ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់មួយ និងក្រុមហ៊ុនអ៊ុយក្រែនមួយ បានធ្វើតេស្តរ៉ូបូតប្រយុទ្ធលើដី សម្រាប់ប្រើប្រាស់ដោយកងកម្លាំងអ៊ុយក្រែន ដោយប្រព័ន្ធដំបូងៗគ្រោងនឹងត្រូវដាក់បញ្ចូល និងប្រគល់ជូននៅត្រឹមដំណាច់ឆ្នាំ ២០២៦។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះត្រូវបានចុះហត្ថលេខានៅដើមខែតុលា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ទៅកាន់ទីក្រុងគៀវ ដោយមានវត្តមានរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី។
គេរំពឹងថា នៅមុនដំណាច់ឆ្នាំ ២០២៦ យានយន្តមនុស្សយន្តដំបូងគេ ដែលបំពាក់ដោយម៉ូឌុលអាវុធថ្មីៗ នឹងរួចរាល់សម្រាប់ការដាក់ពង្រាយ និងត្រូវបានបញ្ជូនទៅឱ្យស្របតាមតម្រូវការរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។
របៀបដំណើរការនៃប្រព័ន្ធថ្មីនេះ ប្រព័ន្ធនេះមានឈ្មោះថា GEREON។ វាត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ARX Robotics ដោយជាយានយន្ត ដែលដំណើរការដោយគ្មានមនុស្សបើក ដែលផ្តល់នូវសមត្ថភាពចល័ត និងកម្លាំង ហើយអាចធ្វើការឈ្លបយកការណ៍ដោយប្រើប្រាស់កាមេរ៉ា និងឧបករណ៍ចាប់សញ្ញាផ្សេងៗ។
វាអាចបំពាក់ដោយម៉ូឌុលអាវុធ SABER ដែលផលិតដោយក្រុមហ៊ុនអ៊ុយក្រែនឈ្មោះ ROBONEERS។ ម៉ូឌុលនេះត្រូវបានដំឡើងនៅផ្នែកខាងលើ និងផ្តល់នូវការគាំទ្រដោយការបាញ់អាវុធតាមរយៈការបញ្ជាពីចម្ងាយ សម្រាប់ប្រតិបត្តិការវាយប្រហារ និងការពារ។ ក្រុមហ៊ុនទាំងនោះបានបញ្ជាក់ថា នេះអនុញ្ញាតឱ្យទាហានអាចប្រតិបត្តិការប្រព័ន្ធនេះបានពីចម្ងាយ ដែលមានសុវត្ថិភាពជាងមុន។
GEREON កំណែដែលមិនបំពាក់អាវុធ កំពុងត្រូវបានប្រើប្រាស់រួចហើយសម្រាប់ភារកិច្ចជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន។ ពួកវាអាចដឹកជញ្ជូនសម្ភារផ្គត់ផ្គង់ ជម្លៀសបុគ្គលិកដែលរងរបួស គាំទ្រប្រតិបត្តិការសង្គ្រាមអេឡិចត្រូនិក ធ្វើការឈ្លបយកការណ៍ និងទប់ទល់នឹងយន្តហោះដ្រូន។ លើសពីនេះ ប្រព័ន្ធនេះក៏អាចត្រូវបានកែសម្រួលសម្រាប់បេសកកម្មប្រយុទ្ធផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
