ទីផ្សាររថយន្តនៅវៀតណាម ដាក់គោលដៅលក់ឱ្យបាន ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ ខណៈ៩ខែដំបូងនេះ លក់បានជិត ៥សែនគ្រឿង
បរទេស៖ ទីផ្សាររថយន្តនៅវៀតណាមអាចនឹងឈានដល់កម្រិតជិត ៧០០.០០០ គ្រឿងនៅឆ្នាំ ២០២៦ បន្ទាប់ពីការលក់បានជិត ៥០០.០០០ គ្រឿងក្នុងរយៈពេល ៩ ខែដំបូង។ និន្នាការនេះកើតឡើងស្របពេលដែលរថយន្តអគ្គិសនី និងរថយន្តប្រើប្រព័ន្ធថាមពលចម្រុះ (Hybrid) កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ហើយក្រុមហ៊ុនផលិតរថយន្តនានាក៏កំពុងបង្កើនការប្រកួតប្រជែង ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលទិញទំនិញចុងឆ្នាំ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា ទិន្នន័យដែលប្រមូលបានពីសមាគមក្រុមហ៊ុនផលិតរថយន្តវៀតណាម (VAMA), ក្រុមហ៊ុន Thanh Cong Group (TC Group) និងក្រុមហ៊ុន VinFast បានបង្ហាញថា ចំនួនលក់សរុបក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា មានចំនួន ៤៩៥.១៣៨ គ្រឿង ដែលកើនឡើង ២០,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សម្រាប់ខែកញ្ញាដាច់ដោយឡែក ចំនួនលក់បានកើនដល់ ៦២.៥៩០ គ្រឿង ពោលគឺកើនឡើង ២៩ ភាគរយធៀបនឹងខែសីហា និងកើនឡើង ២៨ ភាគរយធៀបនឹងខែកញ្ញាឆ្នាំមុន។
ទីផ្សារបានងើបឡើងវិញនៅក្នុងខែកញ្ញា បន្ទាប់ពីមានភាពយឺតយ៉ាវនៅក្នុងខែសីហា ដោយចំនួនលក់បានកើនឡើងនៅក្នុងផ្នែករថយន្តស្ទើរតែគ្រប់ប្រភេទ។ ការផ្តល់ជូនពិសេស ការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការត្រឡប់មកវិញនៃតម្រូវការរបស់អ្នកប្រើប្រាស់ បានជួយជំរុញសកម្មភាពអាជីវកម្ម ខណៈដែលក្រុមហ៊ុនផលិតរថយន្តនានាកំពុងត្រៀមខ្លួនសម្រាប់រដូវកាលលក់ដាច់បំផុតនៅចុងឆ្នាំ។
ប្រសិនបើកំណើននេះនៅតែបន្តក្នុងត្រីមាសទី ៤ ទីផ្សាររថយន្តវៀតណាមអាចនឹងបំបែកកំណត់ត្រាចាស់ចំនួន ៦០៤.១៣៤ គ្រឿង (ដែលបានកត់ត្រាក្នុងឆ្នាំ ២០២៥) ហើយអាចឈានដល់ជិត ៧០០.០០០ គ្រឿងសម្រាប់ពេញមួយឆ្នាំ។
ប្រែសម្រួលៈ តុលា
