KCNA ផ្សាយថា កូរ៉េខាងជើងថ្កោលទោសសមយុទ្ធការពារដែនអាកាសរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក
បរទេស៖ ក្រសួងការពារជាតិ កូរ៉េខាងជើង បានថ្លែងនៅក្នុង សេចក្តីថ្លែងការណ៍មួយ និងដែលត្រូវបានចុះផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មានរដ្ឋ KCNA នៅថ្ងៃសុក្រថា ការធ្វើសមយុទ្ធការពារដែនអាកាសរួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលមានឈ្មោះថា «Freedom Flag» កំពុងបង្កើនភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ថា អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បាននិយាយថា៖ «មិនមានដែនកំណត់ណាមួយចំពោះជម្រើសរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (DPRK) ក្នុងការរក្សាជំហររារាំងដ៏រឹងមាំមួយ ដែលមានសមត្ថភាពឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះរាល់ការគំរាមកំហែង ដែលបង្កឡើងដោយសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងកងកម្លាំងដែលជាបរិវាររបស់ខ្លួននោះទេ»។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង គឺ កងទ័ពអាកាសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននិងកំពុងធ្វើសមយុទ្ធការពារដែនអាកាសរួមគ្នា ចាប់តាំងពីថ្ងៃចន្ទមក នៅមូលដ្ឋានទ័ពអាកាស Kunsan ដោយសមយុទ្ធនេះគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ៦ ខែវិច្ឆិកា។
ក្រសួងការពារជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា សមយុទ្ធនេះមានការចូលរួមពីយន្តហោះចម្បាំងបំបាំងកាយ រួមមានយន្តហោះ F-35A របស់កូរ៉េខាងត្បូង និងយន្តហោះចម្បាំងល្បឿនលឿនជាងសំឡេង F-35B របស់កងម៉ារីនសហរដ្ឋអាមេរិក។
ប្រែសម្រួលៈ តុលា
