ព័ត៌មានអន្តរជាតិ

ចិនច្រានចោលការចោទ ប្រកាន់ពីការរៀបចំផែនការចារកម្ម លើនាយកប្រតិបត្តិក្រុមហ៊ុន Nvidia

បរទេស ៖ ក្រសួងការបរទេសចិន កាលពីថ្ងៃសុក្រ បានទាត់ចោល នូវរបាយការណ៍ដែលចោទប្រកាន់ថា មានការរៀបចំផែនការយកការណ៍សម្ងាត់ (Spy plot) របស់ចិន សំដៅលើលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស របស់សហរដ្ឋអាមេរិក Nvidia នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា រដ្ឋាភិបាលទីក្រុងប៉េកាំងច្រានចោលការ ចោទប្រកាន់ទាំងនេះ ដែលត្រូវបានផ្សព្វផ្សាយដោយភ្នាក់ងារ ស៊ើបការណ៍សម្ងាត់លោកខាងលិច ឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន The New York Times។ លោកបានចាត់ទុករបាយការណ៍នេះថា “គ្មានមូលដ្ឋានច្បាស់លាស់” និងជា “ការព្យាយាមលាបពណ៌មកលើប្រទេសចិន”។

​របាយការណ៍ស៊ើបអង្កេតនោះបានអះអាងថា លោក Jensen Huang បានក្លាយជាគោលដៅនៃការឃ្លាំមើល ដោយភ្នាក់ងារចារកម្មចិនម្នាក់ គឺអ្នកស្រី Alice Huang ដែលជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន Megaspeed។ របាយការណ៍បានរៀបរាប់ថា អ្នកស្រីបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោកនាយកប្រតិបត្តិរូបនេះ ទោះបីជាអ្នកទាំងពីរមិនមានសាច់ញាតិនឹងគ្នាក៏ដោយ។

​ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុន Nvidia បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចែករំលែកព័ត៌មានរសើប ណាមួយជាមួយអ្នកគ្រប់គ្រងជនជាតិចិនរូបនោះ។ អ្នកនាំពាក្យក្រុមហ៊ុន Nvidia បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ “អតិថិជនប្រើប្រាស់ប្រព័ន្ធ Cloud ក្នុងតំបន់របស់យើង ទទួលបានត្រឹមតែព័ត៌មានពាណិជ្ជកម្មធម្មតាប៉ុណ្ណោះ ពោលគឺមិនមានការចែករំលែកអាថ៌កំបាំងពាណិជ្ជកម្មរសើបរបស់ NVIDIA នោះទេ ហើយក៏គ្មានព័ត៌មានណាមួយដែលពាក់ព័ន្ធនឹងសន្តិសុខជាតិឡើយ”។ ក្រុមហ៊ុនបានបន្ថែមថា ទំនាក់ទំនងរវាងលោក Jensen និងអ្នកស្រី Alice Huang គឺជារឿងធម្មតានៅក្នុងអាជីវកម្ម និងមិនមានអ្វីខុសប្រក្រតីនោះទេ។

​ចំពោះការចោទប្រកាន់ថា ក្រុមហ៊ុន Megaspeed បានលួចរត់ពន្ធបន្ទះឈីប (Chips) នោះ អ្នកនាំពាក្យក្រុមហ៊ុន Nvidia បានបញ្ជាក់ថា ការអះអាងទាំងនោះត្រូវបាន “ស៊ើបអង្កេតយ៉ាងល្អិតល្អន់ និងត្រូវបានទាត់ចោលតាំងពីឆ្នាំមុនមកម៉្លេះ”។

​ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន AFP បានព្យាយាមទាក់ទងទៅកាន់ក្រុមហ៊ុន Megaspeed តាមរយៈលេខទូរស័ព្ទនៅលើគេហទំព័ររបស់ពួកគេ ដើម្បីសុំការអត្ថាធិប្បាយ ប៉ុន្តែអ្នកដែលទទួលទូរស័ព្ទបាននិយាយថា ពួកគេមិនស្គាល់ក្រុមហ៊ុននេះទេ ហើយលេខនោះគឺជាខ្សែទូរស័ព្ទសម្រាប់លំនៅដ្ឋានឯកជនប៉ុណ្ណោះ។

ប្រែសម្រួល៖ គីរី

To Top