អ៊ុយក្រែនស្វាគមន៍ ការលក់មីស៊ីល Patriot ៥០០ គ្រាប់ពីអាមេរិក តែបារម្ភពីភាពយឺតយ៉ាវក្នុងការប្រគល់
បរទេស៖ ទីក្រុងកៀវ តែងតែអំពាវនាវជាបន្តបន្ទាប់ ដើម្បីសុំការគាំទ្រ នូវប្រព័ន្ធមីស៊ីលស្ទាក់ចាប់បន្ថែមទៀត ក្នុងការជួយដល់កងកម្លាំងរបស់ខ្លួនទប់ទល់ នឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានអ្នកបើកបរ (Drone) ពីរុស្ស៊ី។ ខណៈពេលដែលរដូវរងាកំពុងខិតជិតមកដល់ តម្រូវការមួយនេះកាន់តែមានភាពបន្ទាន់ និងចាំបាច់បំផុត នេះបើយោងតាមការចេញផ្សាយ ពីសារព័ត៌មាន EuroNews ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានកោតសរសើរ សហរដ្ឋអាមេរិកចំពោះ “សេចក្តីសម្រេច ចិត្តដ៏រឹងមាំ” របស់ខ្លួន ក្នុងការអនុម័តលក់មីស៊ីល Patriot ដែលអ៊ុយក្រែនកំពុងត្រូវការជាខ្លាំង ចំនួន ៥០០ គ្រាប់ ប៉ុន្តែលោកបានព្រមានថា ការប្រគល់មីស៊ីលទាំងនេះអាចនឹង ត្រូវចំណាយពេលជាច្រើនឆ្នាំ។
កាលពីថ្ងៃសុក្រ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រម លើកញ្ចប់ជំនួយមីស៊ីលស្ទាក់ចាប់ Patriot ប្រភេទ PAC-3 ដែលមានទំហំទឹកប្រាក់ ២,១ ពាន់លានដុល្លារអាមេរិក ខណៈទីក្រុងកៀវនៅតែបន្តប្រយុទ្ធការពារខ្លួនពីការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានអ្នកបើកបររបស់រុស្ស៊ី។
ឆ្លើយតបទៅនឹងការប្រកាសនេះ លោក ហ្សេឡេនស្គី បានសរសេរនៅលើបណ្ដាញសង្គមថា៖ “មីស៊ីលស្ទាក់ចាប់ PAC-3 ចំនួន ៥០០ គ្រាប់ គឺជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ ហើយក្នុងពេលដ៏ខ្លីខាងមុខនេះ (នារដូវរងានេះ) ពួកវាអាចក្លាយជាកញ្ចប់ការពារដ៏មានប្រសិទ្ធភាពបំផុត។ ទោះជាយ៉ាងណាក៏ដោយ វាត្រូវបានគេបញ្ជាក់ថា ការប្រគល់អាចនឹងចាប់ផ្តើមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ។ យើងកំពុងស្នើសុំឱ្យដៃគូអាមេរិករបស់យើងស្វែងរកដំណោះស្រាយសម្រាប់ពេលវេលាដែលយើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ពិតប្រាកដ និងមានតម្រូវការជាក់ស្តែងក្នុងការប្រើប្រាស់មីស៊ីល PAC-3 នេះ។”
កាលពីដើមសប្តាហ៍នេះ លោក ហ្សេឡេនស្គី បានលើកឡើងថា ទីក្រុងកៀវបានរង់ចាំជិតមួយខែ ដើម្បីឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេកសេត (Pete Hegseth) ចុះហត្ថលេខាលើកញ្ចប់មីស៊ីល សម្រាប់ប្រព័ន្ធការពារ Patriot និង NASAMS។
ទីក្រុងកៀវតែងតែអំពាវនាវរកមីស៊ីល ស្ទាក់ចាប់បន្ថែម ហើយការខិតជិតមកដល់នៃរដូវរងា កាន់តែធ្វើឱ្យតម្រូវការនេះមានភាពបន្ទាន់ ។ រុស្ស៊ីធ្លាប់បានប៉ុនប៉ងវាយប្រហារជាច្រើនលើកច្រើន សារលើបណ្តាញអគ្គិសនីរបស់អ៊ុយក្រែន ក្នុងអំឡុងរដូវរងានៃសង្គ្រាម ដោយទីក្រុងមូស្គូសម្លឹងឃើញថា ជាការបំបាក់ស្មារតីតស៊ូរបស់ប្រទេសនេះ។
ស្របពេលជាមួយគ្នានេះ ការថយចុះនៃស្តុកមីស៊ីលស្ទាក់ចាប់របស់អ៊ុយក្រែន បានជំរុញឱ្យរុស្ស៊ីបង្កើនការវាយប្រហារដោយមីស៊ីលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយមានការព្រួយបារម្ភថា និន្នាការនេះអាចធ្វើឲ្យរដូវរងាខាងមុខកាន់តែមានភាពឃោរឃៅសម្រាប់ប្រជាជនអ៊ុយក្រែន។
ទាក់ទិននឹងបញ្ហានេះ លោក ហ្សេឡេនស្គី បានលើកឡើងកាលពីយប់មិញថា៖ “សហរដ្ឋអាមេរិក ដៃគូអឺរ៉ុប និងដៃគូផ្សេងទៀតនៅជុំវិញពិភពលោក សុទ្ធតែមានស្តុកមីស៊ីល PAC-3 គ្រប់គ្រាន់នៅក្នុងឃ្លាំងរបស់ពួកគេ។ ដូច្នេះ ការផ្តល់ឱ្យអ៊ុយក្រែននៅពេលនេះ ក្នុងរដូវរងាឆ្នាំ ២០២៦-២០២៧ ហើយសឹមបំពេញឃ្លាំងអាវុធរបស់ដៃគូរយើងឡើងវិញនៅឆ្នាំបន្តបន្ទាប់ តាមរយៈខ្សែសង្វាក់ផលិតកម្មដែលបានចុះកិច្ចសន្យា និងបង់ប្រាក់រួចរាល់ដោយអ៊ុយក្រែន និងដៃគូរបស់យើង គឺជាអភិក្រមដ៏ត្រឹមត្រូវបំផុត។”
គួរបញ្ជាក់ថា ប្រព័ន្ធមីស៊ីល Patriot គឺជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបបំផុតមួយនៅលើពិភពលោក ដែលអាចប្រើប្រាស់ដើម្បីការពារការគំរាមកំហែងបានច្រើនទម្រង់ រួមទាំងការវាយប្រហារពីយន្តហោះ និងមីស៊ីលផ្លោង។ អ៊ុយក្រែនទទួលបានប្រព័ន្ធ Patriot ភាគច្រើនរបស់ខ្លួន តាមរយៈគំនិតផ្តួចផ្តើមបញ្ជីតម្រូវការអាទិភាពអ៊ុយក្រែន (PURL) របស់អង្គការណាតូ (NATO) ដែលសម្រួលដល់ការទិញបរិក្ខារយោធា និងគ្រាប់រំសេវពីសហរដ្ឋអាមេរិក ដោយប្រទេសសម្ព័ន្ធមិត្ត និងដៃគូនានា។
យោងតាមទិន្នន័យពីអង្គការណាតូ គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ សម្ព័ន្ធមិត្តបានប្តេជ្ញាផ្តល់មូលនិធិជាង ៦ ពាន់លានដុល្លារ សម្រាប់បរិក្ខារការពារជាតិដល់អ៊ុយក្រែន តាមរយៈគម្រោងនេះ។
ប្រែសម្រួល៖ គីរី
