បក្សកុម្មុយនីស្តចិន ទាមទារភក្ដីភាពដាច់ខាត និងប្រកាសបោសសម្អាតភាព អសកម្មក្នុងជួរបក្ស
បរទេស៖ គណបក្សកុម្មុយនីស្តចិនដែលកំពុងកាន់អំណាច បានដាក់ការទាមទារ “ភក្តីភាព” ជាអាទិភាពចម្បង នៅក្នុងសេចក្តីសម្រេចជាផ្លូវការមួយ ស្តីពីការរឹតបន្តឹងវិន័យផ្ទៃក្នុង ព្រមទាំងបានប្តេជ្ញាបន្តយុទ្ធនាការប្រឆាំង អំពើពុករលួយក្នុងកម្រិតធ្ងន់ធ្ងរ ដើម្បីសម្អាតគណបក្សពី “ភាពមិនបរិសុទ្ធ និងមេរោគ” នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន Rueters ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
សេចក្តីសម្រេចដែលត្រូវបានអនុម័តក្នុងអំឡុងពេលនៃការប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលរបស់គណបក្សកាលពីសប្តាហ៍នេះ និងត្រូវបានបង្ហាញជាមុននៅក្នុងសេចក្តីថ្លែងការណ៍ សង្ខេបមួយកាលពីថ្ងៃព្រហស្បតិ៍ បានសង្កត់ធ្ងន់លើភាពចាំបាច់ ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបណ្តុះភក្តីភាពចំពោះគណបក្សនៅក្នុងជួរមន្ត្រីរបស់ខ្លួន។ ការពិនិត្យ និងដំឡើងឋានន្តរស័ក្តិមន្ត្រីនឹងត្រូវផ្អែកលើ “ស្មារតីគណបក្ស” ដែលវាយតម្លៃតាមរយៈការងារប្រចាំថ្ងៃ អាកប្បកិរិយាផ្ទាល់ខ្លួន ការបញ្ចេញមតិ ទំនាក់ទំនងសង្គម និងតម្លៃគ្រួសារ ព្រមទាំងបន្តជំរុញ “បដិវត្តន៍ខ្លួនឯង” (Self-revolution)។
យោងតាមសេចក្តីសម្រេចដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ (Xinhua) កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា “ជួរគណបក្សជារួមគឺមានភាពរឹងមាំ ប៉ុន្តែបញ្ហានៃភាពមិនបរិសុទ្ធខាងមនោគមវិជ្ជា ភាពមិនបរិសុទ្ធខាងការរៀបចំចាត់តាំង និង ទម្លាប់ការងារដែលមិនបរិសុទ្ធ នៅមិនទាន់ត្រូវបានដោះស្រាយ ជាមូលដ្ឋាននៅឡើយទេ”។
ឯកសារដ៏លម្អិតនេះ បានផ្តល់នូវក្របខណ្ឌថ្មីមួយ សម្រាប់យុទ្ធនាការរឹតបន្តឹងវិន័យ និងប្រឆាំងអំពើពុករលួយ ដែលមានអាយុកាល ជាងមួយទសវត្សរ៍ របស់គណបក្ស ដែលយុទ្ធនាការនេះបានចាប់ផ្តន្ទាទោស មន្ត្រីរាប់លាននាក់ នៅក្នុងប្រព័ន្ធការិយាធិបតេយ្យដ៏ធំទូលាយរបស់ប្រទេស ។ ការចេញផ្សាយឯកសារនេះ ធ្វើឡើងក្នុងរយៈពេលប្រមាណមួយ ឆ្នាំមុនការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំឡើងវិញ ដែលលោកប្រធានាធិបតី ស៊ី ជីនពីង (Xi Jinping) ត្រូវបានគេរំពឹងថានឹងទទួលបានអាណត្តិ ៥ ឆ្នាំបន្ថែមទៀត។
ថ្នាក់ដឹកនាំគណបក្ស បានអំពាវនាវឱ្យមានការត្រួតពិនិត្យកម្មាភិបាលឱ្យកាន់តែដិតដល់ និងពេញមួយអាជីព រួមទាំងការត្រួតពិនិត្យឱ្យបានតឹងរ៉ឹងលើការ ប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់មន្ត្រី និងការស៊ើបអង្កេតក្នុងករណី ដែលទ្រព្យសម្បត្តិ ឬការចំណាយរបស់គ្រួសារមើលទៅមិន សមស្របនឹងប្រាក់ចំណូលស្របច្បាប់។ សេចក្តីសម្រេចនេះ ក៏បានទាមទារឱ្យមានការតាមដានជាប្រចាំលើសកម្មភាពអាជីវកម្មរបស់សមាជិកគ្រួសារមន្ត្រីផងដែរ។
យោងតាមឯកសារនេះ យុទ្ធនាការប្រឆាំងអំពើពុករលួយ នឹងកំណត់មុខសញ្ញាលើអំពើពុករលួយលាក់កំបាំង និងពុករលួយតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការកាន់កាប់ភាគហ៊ុនដោយតំណាង (Proxy shareholdings) និងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ (Cryptocurrencies) បច្ចេកវិទ្យាប្លុកឆេន (Blockchain) និងមូលនិធិឆ្លងដែន ដើម្បីងាយស្រួលដល់ការប្រព្រឹត្តអំពើពុករលួយ។
ទោះបីជាគណបក្សបានទាក់ទាញចំណាប់អារម្មណ៍ទៅលើភាពជាអ្នកដឹកនាំសមូហភាព ហើយបានថ្លែងថា អង្គការគណបក្សមិនត្រូវទាមទារឱ្យមន្ត្រីថ្នាក់ក្រោមគោរព “អំណាចបុគ្គល” របស់អ្នកគ្រប់គ្រងកំពូលក៏ដោយ ប៉ុន្តែបទប្បញ្ញត្តិនេះហាក់ដូចជាសំដៅទប់ស្កាត់ការគ្រប់គ្រងបែបបុគ្គលនិយមនៅក្នុងស្ថាប័នរដ្ឋាភិបាល និងគណបក្សថ្នាក់ក្រោម ជាជាងការកំណត់អំណាចដែលត្រូវបានបង្រួបបង្រួមរួចទៅហើយ នៅក្នុងថ្នាក់ដឹកនាំមជ្ឈិម។
ឯកសារនេះ បានអំពាវនាវដល់សមាជិកគណបក្ស ឱ្យការពារយ៉ាងដាច់អហង្ការនូវឋានៈរបស់លោក ស៊ី ក្នុងនាមជា “ស្នូល” របស់គណបក្ស និងរក្សាឱ្យបាននូវការចុះសម្រុងគ្នាទាំងស្រុងជាមួយថ្នាក់ដឹកនាំកំពូល “ទាំងផ្នែកគំនិត នយោបាយ និងសកម្មភាព”។
នៅក្នុងសុន្ទរកថាបកស្រាយ ពីសេចក្តីសម្រេចនេះ លោក ស៊ី បានមានប្រសាសន៍ថា៖ “មានតែតាមរយៈការជំរុញ ការគ្រប់គ្រងខ្លួនឯងដោយពេញលេញ និងម៉ឺងម៉ាត់របស់គណបក្ស ប្រកបដោយការតស៊ូមិនរាថយ និងការដកចេញជាបន្តបន្ទាប់នូវមេរោគដែលស៊ីរូងបំផ្លាញរាងកាយដ៏មានសុខភាពល្អរបស់គណបក្សប៉ុណ្ណោះ ទើបអាចធានាបានថាគណបក្សនេះនឹងមិនបាត់បង់នូវធម្មជាតិ ជំនឿ និងចរិតលក្ខណៈរបស់ខ្លួន ហើយទើបប្រទេសជាតិពណ៌ក្រហមនេះ នឹងអាចបន្តផ្ទេរពីមួយជំនាន់ទៅមួយជំនាន់បាន”។
ប្រែសម្រួល៖ គីរី
